(ពិភពលោក)៖ នៅថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យានអវកាស New Horizon របស់អង្គការ NASA បានបញ្ជូនសញ្ញាទីមួយរបស់វាដោយជោគជ័យ មកកាន់ផែនដីនៅថ្ងៃអង្គារសប្តាហ៍នេះ ក្រោយពីវាបានទៅដល់វត្ថុមួយ ដែលស្ថិតនៅចុងប្រព័ន្ធព្រះអាទិត្យ៕
២៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីរំសាយអាវុធនុយក្លេអ៊ែរ និងបន្ត កិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង សំដៅដោះស្រាយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក គីម ក៏បានព្រមានដែរថា ទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការឆ្លើយតបសាជាថ្មី បើទីក្រុងវ៉ាស៊ីនតោន មិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចទេនោះ៕
៣៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃពុធនេះបានលើកឡើងថា កោះតៃវ៉ាន់នឹងត្រូវទទួលបានការធានាសន្តិភាពដ៏យូរអង្វែង ប្រសិនបើចូលមករួបរួមគ្នាដោយសន្តិភាពនោះ៕
៤៖ ទារកអាយុ១១ខែម្នាក់ត្រូវបានគេរកឃើញថា នៅមានជីវិត បន្ទាប់ពីរយៈពេលជាង ៣៥ម៉ោងជាប់នៅក្រោមគំនរអគារដែលបានដួលរលំនៅក្នុងហេតុការណ៍ផ្ទុះហ្គាសដ៏សម្បើមមួយនៅឯទីក្រុងម៉ាកនីតូហ្គសក៍ (Magnitogorsk) ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទកន្លងទៅ៕
៥៖ អាជ្ញាធរទប់ស្កាត់គ្រោះមហន្តរាយឥណ្ឌូណេស៊ីបានឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនដល់១៥នាក់ នៅខេត្តជ្វាខាងលិច និង២០នាក់ទៀតកំពុងបន្តបាត់ខ្លួន ដោយសារតែការវាយប្រហារដោយបំណាក់ដី កាលពីថ្ងៃចន្ទសប្តាហ៍នេះ៕
៦៖ លោក ហ៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ដែលជាប់ឆ្នោតកាលពីខែតុលាកន្លងទៅ ទីបំផុតបានស្បថឡើងកាន់តំណែងផ្លូវការជាប្រធានាធិបតីថ្មីនៃប្រទេសប្រេស៊ីល៕