(តៃវ៉ាន់)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) នាថ្ងៃពុធនេះបានប្រកាសថា កោះតៃវ៉ាន់គ្មានថ្ងៃទទួលយកគោលយោបាយ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ជាមួយចិនដាច់ខាត ហើយដែលការលើកឡើងនេះ គឺបន្ទាប់ពីប្រទេសចិនបានថ្លែងស្វាគមន៍ឆ្នាំសកល២០១៩ ដោយអំពាវនាវឲ្យកោះតៃវ៉ាន់ចូលរួមជាមួយចិន ដើម្បីទទួលបានការធានាសន្តិភាពយូរអង្វែង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩។
លោកស្រី Tsai បានធ្វើការលើកឡើងដូចខាងលើ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយក្នុងថ្ងៃដដែលនេះផងដែរថា ពុំមាននរណាម្នាក់អាចផ្លាស់ប្តូរធាតុពិតជាក់ស្តែងដែលថា តៃវ៉ាន់ជាផ្នែកនៃប្រទេសចិនបាននោះឡើយ ហើយប្រជាជននៅលើដែនដីទាំងពីរ គួរតែស្វះស្វែងរកការរួបរួមគ្នា។ លោកស្រី Tsai ក៏បានទទូចឲ្យចិនស្វែងយល់ពីគំនិត និងតម្រូវការរបស់ប្រជាពលរដ្ឋតៃវ៉ាន់ និងសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងចាំបាច់ត្រូវប្រើមធ្យោបាយសន្តិវិធី ដើម្បីដោះស្រាយភាពខុសគ្នារបស់ខ្លួនជាមួយតៃវ៉ាន់ ព្រមទាំងគោរពតម្លៃនៃលទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ផងដែរ។
គួរជម្រាបថា ក្នុងឱកាសខួបទី ៤០ នៃទិវាផ្ញើសារជូនពរទៅកាន់ជនរួមជាតិចិន នៅកោះតៃវ៉ាន់ នាដើមឆ្នាំថ្មីនេះលោក ស៊ី បានបញ្ជាក់ថា តៃវ៉ាន់នឹងទទួលបានសន្តិភាពយូរអង្វែង ប្រសិនបើមកចូលរួបរួមគ្នាវិញដោយសន្តិភាពជាមួយចិន ប៉ុន្តែលោក ស៊ី ជិនពីង បានបញ្ជាក់ថា ទីក្រុងប៉េកាំងក៏មិនបោះបង់ចោលនូវជម្រើសក្នុងការប្រើប្រាស់កម្លាំងបាយ ដើម្បីទប់ទល់ការជ្រៀតជ្រែកពីបរទេស និងចលនាបំបែករដ្ឋនៅតៃវ៉ាន់នោះដែរ។
ទីក្រុងប៉េកាំងមិនទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យឡើយ ដោយត្រឹមចាត់ទុកកោះនេះថា ជាខេត្តស្វយ័តមួយប៉ុណ្ណោះក្នុងដែនដីចិន ដោយស្របទៅតាមគោលនយោបាយចិនតែមួយ ដែលប្រទេសភាគច្រើនបំផុតនៅក្នុងពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរទទួលស្គាល់នោះ។ បច្ចុប្បន្ននេះកោះតៃវ៉ាន់មានផ្ទៃដីសរុប ៣៦,១៩៧គីឡូម៉ែត្រក្រឡា ជាមួយប្រទេសជនសរុបជាង ២៣.៥លាននាក់ (៩៥ភាគរយមានដើមកំណើតជាជនជាតិហាន)៕