(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានលើកឡើងថា ទីក្រុងប៉េកាំងពុំអាចសន្យានឹងមិនប្រើប្រាស់កម្លាំងបាយ ដើម្បីទប់ទល់ការលូកលាន់ពីបរទេស ក៏ដូចជាចលនាចង់បំបែករដ្ឋ នៅកោះតៃវ៉ាន់នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩។
នាឱកាសខួប ៤០ឆ្នាំ នៃទិវាថ្លែងសារទៅកាន់ជនរួមជាតិចិន ដែលកំពុងរស់នៅកោះតៃវ៉ាន់ លោក ស៊ី បានថ្លែងថា រដ្ឋាភិបាលទីក្រុងប៉េកាំងស្វាគមន៍ជានិច្ច ក្នុងការបង្កើតចន្លោះទំនេរ សម្រាប់ការចូលមករួបរួមគ្នាដោយសន្តិវិធីរវាងទឹកដីទាំងពីរ ប៉ុន្តែនឹងពុំអនុញ្ញាតឲ្យមានទម្រង់នៃចលនាបំបែករដ្ឋណាមួយ កើតឡើងជាដាច់ខាតនៅកោះតៃវ៉ាន់។
ក្រៅពីនេះលោក ស៊ី បានបន្ថែមទៀតថា ដោយសារប្រជាជនដែលរស់នៅចិនដីគោក និងតៃវ៉ាន់ គឺជាគ្រួសារតែមួយ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងដែលគួរដោះស្រាយតាមរយៈការពិភាក្សា និងពិគ្រោះយោបល់រវាងភាគីទាំងពីរ និងពុំគួរមានការជ្រៀតជ្រែកពីបរទេសឡើយ។ លោកប្រធានាធិបតីចិន ក៏បានប្រកាសផងដែរថា តៃវ៉ាន់នឹងទទួលបានការធានាសន្តិភាពយ៉ាងយូរអង្វែងប្រសិនបើសុខចិត្តមករួបរួមគ្នា ដោយសន្តិវិធីជាមួយប្រទេសចិន។
គួរជម្រាបថា ទំនាក់ទំនងរវាងចិនដីគោក និងកោះតៃវ៉ាន់បានផ្ទុះភាពតានតឹងជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៤៩មក នៅពេលចលនាដែលដឹកនាំដោយគណបក្សជាតិនិយមចិន បានកាន់កាប់ដែនដីកោះនេះ ក្រោយពីពួកគេទទួលបរាជ័យក្នុងសង្រ្គាមស៊ីវិលចិន ហើយបានបង្កើតជាសាធារណរដ្ឋចិននៅតៃវ៉ាន់។
ទីក្រុងប៉េកាំងមិនទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យឡើយ ដោយត្រឹមចាត់ទុកកោះនេះថា ជាខេត្តស្វយ័តមួយប៉ុណ្ណោះក្នុងដែនដីចិន ដោយស្របទៅតាមគោលនយោបាយចិនតែមួយ ដែលប្រទេសភាគច្រើនបំផុតនៅក្នុងពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរទទួលស្គាល់នោះ។
ក៏ប៉ុន្តែការថ្លែងសារទៅកាន់ជនរួមជាតិចិនទាំងអស់កាលពី ៤០ឆ្នាំមុន បានប្រកាសបិទបញ្ចប់នៃសកម្មភាពផ្លោងគ្រាប់របស់ទីក្រុងប៉េកាំង ទៅលើបណ្តាកោះគ្រប់គ្រងដោយតៃវ៉ាន់ ដែលនៅកៀកនឹងចិន ហើយចាប់ពីពេលនោះទំនាក់ទំនងមិនផ្លូវការរវាងចិននិងតៃវ៉ាន់ក៏បានបន្តឡើងវិញ។ បច្ចុប្បន្ននេះកោះតៃវ៉ាន់មានផ្ទៃដីសរុប ៣៦,១៩៧គីឡូម៉ែត្រក្រឡា ជាមួយប្រទេសជនសរុបជាង ២៣.៥លាននាក់ (៩៥ភាគរយភាពដើមកំណើតជាជនជាតិហាន)៕