(សេអ៊ូល)៖ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន បាននិយាយថា បានត្រៀមខ្លួនរួច​ជាស្រេចដើម្បីរំសាយ​អាវុធនុយក្លេអ៊ែរ និងបន្ត កិច្ចសន្ទនាជា​មួយ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង សំដៅដោះស្រាយភាព​តានតឹងនៅ​លើឧបទ្វីបកូរ៉េ។ ប៉ុន្តែ​ព្រមពេល​ជាមួយគ្នា លោក គីម ក៏បានព្រមាន​ដែរថា ទីក្រុងព្យុងយ៉ាង​នឹងចាត់វិធានការ​ឆ្លើយតបសាជាថ្មី បើទីក្រុង​វ៉ាស៊ីនតោន មិនព្រមដក​ទណ្ឌកម្ម​សេដ្ឋកិច្ចទេនោះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀល​ថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩។

លោក គីម ជុងអ៊ុន ធ្វើការកត់​សម្គាល់បែបនេះ នៅឱកាសថ្លៃសារអបអរ​ឆ្នាំសកល​២០១៩ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ដោយឡែកឆ្លើយតប​សារ​នេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ​ក៏បានអះអាង​ឡើងវិញផងដែរ​ថា លោកចង់ជួបជា​មួយលោក គីម ជុងអ៊ុន ជាលើកទី ២ ក្នុងពេល​ឆាប់ៗនេះ ឆ្លើយតបចំពោះមេដឹកនាំកូរ៉េខាងជើង​ ដែលបង្ហាញចេញនូវចេតនាចង់ស្ដារទំនាក់ទំនងឡើងវិញ​ ជាមួយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុ​ន បានជួបគ្នានៅ​ក្នុងកិច្ចប្រជុំកំពូលមួយកាល​ពីខែមិថុនា ឆ្នាំ២០១៧ ក្នុង​ប្រទេស​សិង្ហបុរី ជាមួយការសន្យាថា​ លោកនៅតែប្តេជ្ញាលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។​ ប៉ុន្តែ ដំណើរការរំសាយ​អាវុធនុយក្លេអ៊ែរ​មិនមានការរីកចំរើន​ឡើយ រីឯទីក្រុងវ៉ាស៊ីនតោន​វិញក៏មិនបានបន្ធូរបន្ថយ​ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធលើ​របបដឹកនាំទីក្រុង​ព្យុងយ៉ាង​ដែរ៕