(ការ៉ាកាស់)៖ ទណ្ឌកម្មពីអន្តរជាតិបានធ្វើឲ្យប្រទេសវេណេស៊ុយអេឡា ខាតបង់ប្រាក់ប្រមាណ ២០ពាន់លានដុល្លារកាលពីឆ្នាំ២០១៨។ នេះបើតាមការអះអាងពីប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩។
បើតាមលោក ម៉ាឌូរ៉ូ ការខាតបង់លុយកាក់រាប់ពាន់លានដុល្លារដោយសារតែទណ្ឌកម្មអន្តរជាតិនេះ បានរារាំងប្រទេសរបស់លោក ពីការទិញផលិតផលចាំបាច់នានាពីពិភពលោក ដូចជាស្បៀងអាហារ និងថ្នាំពេទ្យជាដើម។ លោកប្រធានាធិបតីវេណេស៊ុយអេឡាបានបន្ថែមថា សេដ្ឋកិច្ចទន់ខ្សោយរបស់ប្រទេសអាមេរិកឡាទីនមួយនេះ កំពុងរងគ្រោះខ្លាំងពីការរាំងខ្ទប់ផ្នែកហិរញ្ញវត្ថុ ដោយសហគមន៍អន្តរជាតិ។
លោក ម៉ាឌូរ៉ូ បានសង្កត់ធ្ងន់ថា «ប្រទេសវេណេស៊ុយអេឡាមានសមត្ថភាពអាចជម្នះឧបសគ្គទាំងនេះបាន ក៏ដោយសារតែមានធនធានគ្រប់គ្រាន់ បូករួមជាមួយកិច្ចប្រឹងប្រែងរបស់វេណេស៊ុយអេឡា ដែលសំដៅបង្កើនការផលិតប្រេង មាស ពេជ្រ និងដែក»។
គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិក បានទម្លាក់ទណ្ឌកម្មជាច្រើនកញ្ចប់មកលើវេណេស៊ុយអេឡា រួមមានការទូទាត់រូបិយវត្ថុប្រភេទឌីជីថលរបស់វេណេស៊ុយអេឡា និងបម្រាមលើការនាំចូលមាស ពីប្រជាជាតិអាមេរិកខាងត្បូងមួយនេះថែមទៀត៕