(វ៉ាស៊ីនតោន)៖ យុវជនអាមេរិកម្នាក់បានសម្រេច​ចិត្តធ្វើអត្តឃាត បន្ទាប់ពីបាន​ជ្រុលដៃសម្លាប់មិត្តភក្តិ​របស់ខ្លួន ដោយអចេ​តនា​នៅពេលកំពុងបង្អួត​កាំភ្លើងគ្នា។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​​ថ្ងៃ​ពុធ ទី០២ ខែមករា ឆ្នាំ២០១៩។

ហេតុការណ៍​ខាងលើបានកើតឡើងកាល​ពីដើមសប្តាហ៍នេះ នៅទីក្រុង​ឡូរិនវាល (Lawrenceville) នៃរដ្ឋហ្សកហ្ស៊ី (Georgia) សហរដ្ឋអាមេរិក​។ យុវជន​ទាំងពីរ​នាក់នោះ ត្រូវប៉ូលិសកំណត់​អត្តសញ្ញាណ​មាន​ឈ្មោះ ឆាដ ឃែរឡេស (Chad Carless) អាយុ ១៧ឆ្នាំ និង​ឈ្មោះ ដេវីន ហូដស៍ (Devin Hodges) អាយុ ១៥ឆ្នាំ។

គួរជម្រាបថា យោងតាម​ការបញ្ជាក់ពីអាជ្ញាធរ​អាមេរិក យុវជន Hodges គឺកំពុង​តែបង្អួត​កាំភ្លើងខ្លី​មួយដើម នៅចំពោះ​មុខ​​មិត្ត​របស់គេមួយក្រុម​មានគ្នា ០៤នាក់ ហើយបន្ទាប់មក​យុវជនរូបនេះក៏បានជ្រុលរាកៃ​បាញ់គ្រាប់ចេញពី​កាំភ្លើង​ រួចត្រូវ​​​ចំយុវជន Carless តែម្តង៕