Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងថ្ងៃចូលឆ្នាំសកល២០១៩​ ទារកសរុប «៣៩៥,០៧២នាក់» ចាប់កំណើត​នៅទូទាំង​ពិភពលោក​ក្នុងនោះឥណ្ឌា និងចិនមានចំនួនច្រើនជាងគេ!

02-01-2019 14:19

(យូអិន)៖ មូលនិធិអង្គការ​សហប្រជាជាតិ​សម្រាប់កុមារ ឬហៅ​កាត់ថា UNICEF បានវាយតម្លៃថា​ យ៉ាងហោចណាស់ទារកសរុប ៣៩៥,០៧២នាក់ បានចាប់កំណើតនៅថ្ងៃចូលឆ្នាំសកល ២០១៩ នៅទូទាំងពិភពលោក ដែលមួយភាគបី​គឺកើតនៅតំបន់អាស៊ី​ខាងត្បូង។ នេះបើ​តាម​ការចេញផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៨។

អង្គការ UNICEF បានឱ្យដឹង​នៅក្នុងសេចក្ដីថ្លែងការណ៍​មួយ ចេញផ្សាយនៅ​ថ្ងៃអង្គារសប្ដាហ៍នេះ​ទៀតថា ប្រទេសឥណ្ឌា​អាចមានទារកចាប់​​​កំណើតនៅ​ថ្ងៃចូលឆ្នាំសកល២០១៩ ចំនួន ៧០,០០០នាក់ តាមក្រោយ​ដោយ​ចិនដែលមាន​ទារកប្រសូតប្រហាក់ប្រហែល ៤៥,០០០នាក់ និង​នីហ្សេរីយ៉ា ២៥,០០០នាក់ ខណៈសហរដ្ឋអាមេរិកអាចមានប្រមាណ ១១,០០០នាក់។

គួរបញ្ជាក់ថា បើតាម UNICEF ទារកជិត​មួយលាននាក់ បានស្លាប់នៅ​ថ្ងៃចាប់កំណើតកាល​ពីឆ្នាំ២០១៧ និង ២.៥លាននាក់​ស្លាប់នៅ ក្នុងខែដំបូងនៃ​ជីវិតរបស់​ពួកគេ ហើយ​មូលហេតុនៃការស្លាប់​នោះ ភាគច្រើនគឺបានបណ្ដាលមកពីការចាប់កំណើត​មិនគ្រប់ខែ ការឆ្លង​ជំងឺសួត និង​ភាពស្មុគស្មាញ​ក្នុងពេលសម្រាល​ជាដើម៕