(អូស្រ្តាលី)៖ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការយំអាចធ្វើឱ្យមនុស្សមានអារម្មណ៍ល្អ ខណៈមនុស្សស្រីយំច្រើនជាងមនុស្សប្រុស ខណៈមនុស្សប្រុសពេញវ័យត្រូវបានគេដឹងថា យំយ៉ាងតិចម្តងនៅក្នុងមួយខែ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៨។
យោងតាមការសិក្សាស្រាវជា្រវរបស់លោកស្រី លៀស ហ្សាមែន (Leah Sharman) ជាបេក្ខភាពបណ្ឌិតផ្នែកចិត្តវិទ្យានៃសកលវិទ្យាល័យ ឃ្វីនស៍ឡេន (Queensland) ប្រទេសអូស្ត្រាលី ការយំច្រើនគឺជាទម្លាប់របស់ក្មេងៗ ហើយពេលមនុស្សធំពេញវ័យ ការយំនឹងមានចំនួនកាន់តែតិចទៅ។ មួយវិញទៀត ការយំភាគច្រើនគឺបង្កឡើងដោយកត្តាសង្គម និងសតិអារម្មណ៍របស់មនុស្សម្នាក់ៗ ដែលប្រែប្រួលទៅតាមវ័យ និងភេទ។ តាមការស្រាវជ្រាវ មនុស្សស្រីអាចយំបីដងក្នុងមួយខែ រីឯមនុស្សប្រុសអាចយំ១ដងក្នុងមួយខែគិតជាមធ្យម។
បន្ថែមពីលើនេះ ការសិក្សាខាងលើដដែលក៏បានបញ្ជាក់ដែរថា ការយំអាចធ្វើឱ្យមនុស្សមានអារម្មណ៍ល្អ ព្រោះវាជួយបញ្ចេញសារធាតុពុលមួយចំនួននៅក្នុងខ្លួនរបស់យើងតាមទឹកភ្នែក និងអាចកាត់បន្ថយភាពតានតឹងបានទៀតផង។ តែទោះជាយ៉ាងណា បច្ចុប្បន្នមិនទាន់មានការអះអាងជាក់លាក់ណាមួយថា ការយំរបៀបណា ឬប៉ុន្មានដងទើបធ្វើឱ្យយើងមានសុខភាព ឬអាម្មណ៍ល្អនោះឡើយ។
គួរបញ្ជាក់ថា បើតាមការសិក្សាស្រាវជា្រវរបស់លោកស្រី Leah Sharman មនុស្សស្រីយំច្រើនជាងមនុស្សប្រុស ហើយមនុស្សស្រីនៅតាមបណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺនៅអឺរ៉ុប យំច្រើនជាងមនុស្សស្រីនៅតាមបណ្ដាប្រទេសដទៃ៕