(ប៉េកាំង)៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង នៅថ្ងៃពុធនេះ​បានលើក​ឡើងថា កោះតៃវ៉ាន់នឹងត្រូវ​ទទួលបានការធានាសន្តិភាព​​ដ៏យូរ​អង្វែង ​ប្រសិនបើចូលមករួបរួមគ្នា​ដោយ​សន្តិភាពនោះ។ នេះបើតាម​​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌​មាន​ចិន​ស៊ីនហួរ នាព្រឹក​ថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩។

លោក ស៊ី បានធ្វើការលើក​ឡើងដូចខាងលើនេះ នៅក្នុងឱកាស​ខួបទី ៤០ឆ្នាំ នៃទិវា​ថ្លែងសារ​ទៅកាន់​ជនរួមជាតិចិន​នៅកោះតៃវ៉ាន់​ ក្នុងឆ្នាំ​ថ្មី២០១៩ នេះ។ លោក​ប្រធានាធិបតីចិន​បានអំពាវនាវ ឲ្យ​​បង្កើនកិច្ចខិតខំប្រឹងប្រែង​កសាង​នូវ​មូលដ្ឋាន​គ្រឹះ​ សម្រាប់​​ការរួបរួមគ្នាដោយ​សន្តិភាព ដោយរូបលោក​បានសង្កត់ធ្ងន់ថា ប្រជាជនចិនគួរ​តែជួយគ្នាទៅវិញ​ទៅមក។

បើតាម​លោក ស៊ី ជិនពីង ភាគីទាំងពីរ (ចិនដីគោក និងកោះតៃវ៉ាន់) គួរលើកស្ទួយ​​លំហូរពាណិជ្ជកម្ម​ដោយសេរី ការតភ្ជាប់ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ការដោះដូរ​ថាមពល និង​ធនធាន ព្រមទាំងការចែករំលែក​​ស្តង់ដាឧស្សាហកម្ម​ជាដើម។

គួរជម្រាបថា កោះតៃវ៉ាន់​រហូតមកទល់នេះ ​នៅតែត្រូវរដ្ឋាភិបាល​​ទីក្រុង​ប៉េកាំង​ចាត់ទុកថា គ្រាន់តែជា​ខេត្តមួយ​​របស់​​ប្រទេស​​ចិន​​ ដែល​​ចង់​បាន​ឯករាជ្យ​ប៉ុណ្ណោះ​ ប៉ុន្តែ​ស្រប​ទៅ​តាមគោលនយោបាយចិនតែមួយ ដែលប្រទេស​ភាគច្រើនបំផុត​នៅក្នុងពិភពលោក រួមទាំង​សហរដ្ឋអាមេរិកផងដែរ​ទទួលស្គាល់នោះ តៃវ៉ាន់គឺជាខេត្តស្វយ័ត​មួយរបស់ចិន។ បច្ចុប្បន្ននេះ​កោះតៃវ៉ាន់មាន​ផ្ទៃដីសរុប ៣៦,១៩៧គីឡូម៉ែត្រក្រឡា ជាមួយ​ប្រទេសជន​សរុបជាង ២៣.៥លាននាក់ (៩៥ភាគរយភាពដើមកំណើត​ជាជនជាតិហាន)៕