(ម៉ូស្គូ)៖ មនុស្ស ០៣នាក់​បានស្លាប់ ​ក្រោយរថយន្ដ​មីនីប៊ឺស (Minibus) មួយ​គ្រឿងដែល​ពួកគេជិះ​បានផ្ទុះឆេះ​នៅឯទីក្រុងម៉ាកនីតូហ្គសក៍ (Magnitogorsk) ប្រទេសរុស្ស៊ី​ជាទីដែល​មនុស្ស ០៩នាក់បាត់បង់ជីវិត និង ៣៦នាក់នៅតែបន្តបាត់ខ្លួននៅឡើយ ក្នុងហេតុការណ៍​​បាក់រលំអគារកម្ពស់ ១០ជាន់​កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាម​ការដកស្រង់​ពី​ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៨។

យោងតាមប្រព័ន្ធនៅក្នុងតំបន់ ហេតុការណ៍ឆេះរថយន្ដខាងលើ កាលឡើងកាលពី​យប់ថ្ងៃអង្គារ (ម៉ោងនៅក្នុងតំបន់) ដែលស្ថិត​នៅមិនឆ្ងាយ​ប៉ុន្មានឡើយ​ពីអគារដែលបាក់រំលំ ដោយ​សារផ្ទុះហ្គាសខាងលើ។ រថយន្ដនេះ​មានមនុស្ស​សរុប ០៣នាក់ជិះនៅលើនោះ ហើយមូលហេតុ​ផ្ទុះឆេះនេះទៀតសោត​ គឺបង្កឡើងដោយ​បញ្ហាប្រព័ន្ធហ្គាស​នៅលើរថយន្ដ​តែម្ដង។

គួរបញ្ជាក់ថា ទីក្រុង​ម៉ាកនីតូហ្គសក៍ (Magnitogorsk) ស្ថិតនៅភាគនិរតី​​ប្រទេសរុស្ស៊ី ដែលមាន​ចម្ងាយជាង ១,៤០០គីឡូម៉ែត្រ​ ពីភាគខាងកើតទីក្រុង​ម៉ូស្គូ។ ហេតុការណ៍ផ្ទុះ​ហ្គាស និងរលំអគារ​នេះ ​គឺបានទទួល​ការចាប់អារម្មណ៍យ៉ាងខ្លាំង​ពីបណ្តា​សារព័ត៌មានជាតិ និងអន្តរជាតិ ខណៈ​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី ក៏បានចុះទៅពិនិត្យ​ភាពជាក់ស្តែង​នៅហ្នឹង​កន្លែងកើតហេតុ​ផងដែរ៕