(ម៉ូស្គូ)៖ ទារកអាយុ១១ខែម្នាក់ត្រូវបានគេរកឃើញថា នៅមានជីវិត បន្ទាប់ពីរយៈពេលជាង ៣៥ម៉ោងជាប់នៅក្រោមគំនរអគារ ដែលបានដួលរលំនៅក្នុងហេតុការណ៍ផ្ទុះហ្គាសដ៏សម្បើមមួយនៅឯទីក្រុងម៉ាកនីតូហ្គសក៍ (Magnitogorsk) ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩។
យោងតាមវីដេអូរបស់អាជ្ញាធរនៅក្នុងតំបន់ ទារកខាងលើស្លៀកក្រណាត់ពណ៌ផ្កាឈូក ត្រូវបានគេជួយសង្រ្គោះចេញពីគំនរអគារបាក់បែក និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ប៉ុន្តែអ្វីដែលមិនគួរឱ្យជឿ ទារករូបនេះបានជាប់នៅក្រោមគំនរអគារបាក់បែកក្រោមសីតុណ្ហភាព -១៧អង្សាសេ អស់រយៈពេលជាង ៣៥ម៉ោងឯណោះ ហើយរូបគេត្រូវបានអ្នកជួយសង្រ្គោះម្នាក់ដែលបានលឺសំឡេងក្មេងយំ ហើយក្រោយមកក៏បានរកឃើញក្មេងនោះ នៅក្នុងប្រតិបត្តិការជួយសង្រ្គោះមួយកាលពីថ្ងៃអង្គារ។
គួរបញ្ជាក់ថា ហេតុការណ៍បាក់រលំអគារស្នាក់នៅមួយកន្លែងនៅឯទីក្រុង ម៉ាកនីតូហ្គសក៍ (Magnitogorsk) ភាគនិរតីប្រទេសរុស្ស៊ី ដែលមានចម្ងាយជាង ១,៤០០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងម៉ូស្គូ បានផ្ដាច់ជីវិតមនុស្ស ០៧នាក់ និង ៣៦នាក់ទៀតបន្តបាត់ខ្លួននៅឡើយ។ អគារស្នាក់នៅដែលមានកម្ពស់ ១០ជាន់ និងមានមនុស្ស ១២០នាក់កំពុងស្នាក់បានបាក់រលំ ក្រោយមានការផ្ទុះហ្គាសយ៉ាងកក្រើកកាលពីវេលាម៉ោង ៤៖០០នាទីទៀបភ្លឺថ្ងៃចន្ទ (ម៉ោងនៅក្នុងតំបន់) រីឯអាជ្ញាធររុស្ស៊ីក៏បានទទួលស្គាល់ដែរថា សោកនាដកម្មនេះគឺបង្កឡើងដោយការផ្ទុះហ្គាសនៅក្នុងអគារតែម្ដង៕