(ហ្សាការតា)៖ អាជ្ញាធរទប់ស្កាត់គ្រោះមហន្តរាយឥណ្ឌូណេស៊ីបានឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនដល់១៥នាក់ នៅខេត្តជ្វាខាងលិច និង២០នាក់ទៀតកំពុងបន្តបាត់ខ្លួន ដោយសារតែការវាយប្រហារដោយបំណាក់ដី កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩។
បើតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូហ្គ្រោហូ (Sutopo Nugroho) មនុស្ស០៣នាក់ក៏បានរងរបួសផងដែរ នៅពេលគ្រោះធម្មជាតិខាងលើ បានកើតឡើងនៅភូមិស៊ីណារេស្ម៊ី (Sinaresmi) ក្នុងស្រុកស៊ូកាប៊ូមី (Sukabumi)។ លោក Nugroho បានបញ្ជាក់ថា លំនៅឋានប្រមាណ៣០ខ្នងក្នុងភូមិរងគ្រោះ ត្រូវបានបំណាក់ដីសង្កត់លើ។
គួរជម្រាបថា អ្នកភូមិសរុប៦៣នាក់បានរួចរស់ជីវិតពីគ្រោះរអិលបាក់ដីនេះ និងកំពុងជ្រកកោននៅកន្លែងសុវត្ថិភាព។ រីឯមូលហេតុដែលបង្កឲ្យមានគ្រោះមហន្តរាយអាក្រក់នេះ គឺដោយសារតែការធ្លាក់ភ្លៀងខ្លាំង៕