(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថាការដកកងទ័ពចេញពីស៊ីរី មិនមែនមានន័យថាជាការបិទបញ្ចប់ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនោះទេ ហើយថាទីក្រុងវ៉ាស៊ីនតោននឹងការពារអ៊ីស្រាអែលពីការឈ្លាន ពានណាមួយពីសំណាក់អ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩។
ការកត់សម្គាល់បែបនេះរបស់លោក ប៉ុមប៉េអូ ធ្វើឡើងនៅមុនជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅក្នុងប្រទេសប្រេស៊ីល។ ថ្លែងនាឱកាសនោះ លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ដូច្នេះថា៖ «ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល នឹងមិនផ្លាស់ប្ដូរជាដាច់ខាត បើទោះជាទីក្រុងវ៉ាស៊ីនតោនដកកងទ័ពចេញពីប្រទេសស៊ីរីក៏ដោយ... មិនតែប៉ុណ្ណោះកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកប្រឆាំងនឹងការឈ្លានពានពីអ៊ីរ៉ង់ នឹងបន្តធ្វើឡើងជានិច្ចដើម្បីធានាថាអ៊ីស្រាអែលមាន សុវត្ថិភាព»។
គួរបញ្ជាក់ថា កាលពីខែធ្នូកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកកងទ័ពអាមេរិកជាង២,០០០នាក់ ចេញពីស៊ីរី ដោយអះអាងថាក្រុម ISIS ត្រូវបានបោសសំអាត។ ប៉ុន្តែក្រុមអ្នកជំនាញ និងអ្នកនយោបាយអាមេរិកខ្លះបានសម្ដែងការ ព្រួយបារម្ភជាខ្លាំងថាការដកកងទ័ពអាមេរិកចេញ អាចនឹងក្លាយជាឱកាសថ្មីមួយឱ្យពួក ISIS ប្រមូលផ្ដុំកម្លាំងឡើងវិញ រីឯអ៊ីរ៉ង់ និងរុស្ស៊ី កាន់តែមានឥទ្ធិពលធំឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា៕