ព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ នៃព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn នឹងប្រារព្ធឡើងជាផ្លូវការនៅដើមខែឧសភា ឆ្នាំ២០១៩!
01-01-2019 16:08
(បាងកក) ៖ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Maha Vajiralongkorn) នឹងត្រូវធ្វើពិធីឡើងគ្រងរាជសម្បត្តិជាផ្លូវការចាប់ពីថ្ងៃទី៤ ដលទី៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះហើយ ខណៈទ្រង់បច្ចុប្បន្នមានព្រះជន្ម ៦៦ព្រះវស្សា។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃអង្គារ ទី០១ ខែមករា ឆ្នាំ២០១៩។
ព្រះបាទ Maha Vajiralongkorn បានក្លាយជាព្រះមហាក្សត្រថ្មីនៃប្រទេសថៃ បន្ទាប់ពីអតីតព្រះមហាក្សត្រគឺព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលជាព្រះបិតារបស់ទ្រង់បានសោយទិវង្គតកាលពីខែតុលា ឆ្នាំ២០១៦ ក្នុងមន្ទីរពេទ្យនៃទីក្រុងបាងកក ក្រោយពីទ្រង់បានគ្រងរាជសម្បត្តិអស់រយៈកាល ៧០ឆ្នាំ និងបានក្លាយជាស្តេចដែលគ្រងរាជ្យ បានយូរជាងគេបំផុតនៅលើពិភពលោក។
គួរបញ្ជាក់ថា ព្រះរាជពិធីគ្រងរាជសម្បត្តិជាផ្លូវការ នៃព្រះបាទ Maha Vajiralongkorn ត្រូវបានពន្យារពេល ក៏ព្រោះតែប្រទេសថៃកំពុងតែស្ថិតនៅក្នុងតំណាក់កាលកាន់ទុក្ខជូនព្រះបាទ ភូមិបុល អាឌុលយ៉ាដេត។ ពិធីគ្រងរាជសម្បត្តិតាមប្រពៃណី នៃរាជវង្សថៃនាពេលខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាលាភសំណាងនៃប្រជាជាតិថៃទាំងមូល៕