(ដាកា)៖ សមាជិកសភាថ្មីទាំង ៣០០រូប នឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីការបោះឆ្នោតជាតិបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ និងការប្រកាសលទ្ធផលបឋមបានបង្ហាញថា គណបក្សរបស់លោកស្រីនាយករដ្ឋមន្ត្រី ហ្សេក ហាស៊ីណា (Sheike Hasina) និងគូកនរបស់លោកស្រី នៅតែរក្សាបានអាសនៈភាគច្រើនបំផុត គឺចំនួន ២៨៨អាសនៈនៅក្នុងសភាតំណាងរាស្ត្រ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០១ ខែមករា ឆ្នាំ២០១៩។
នៅក្រោយការស្បថចូលកាន់តំណែងរបស់សមាជិកសភា ពីរថ្ងៃបន្ទាប់គឺនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ លោកស្រី ហាស៊ីណា ក៏នឹងត្រូវស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបង់ក្លាដែស មួយអាណត្តិថ្មីទៀតដែលជាអាណត្តិទី ៣ របស់លោកស្រីផងដែរ ខណៈគណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ជាក់ថា មនុស្សជាង ១០៤លាននាក់មានសិទ្ធិទៅបោះឆ្នោត៕
គួរបញ្ជាក់ថា ការបោះឆ្នោតនៅបង់ក្លាដែស បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយមានបាតុភាពមួយចំនួនបានកើតឡើង នោះគឺអំពើហិង្សរវាងក្រុមអ្នកគាំទ្របក្សនយោបាយផ្សេងៗគ្នា ដែលបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៧នាក់។ ទោះបីជាបែបនេះក្តី អ្នកអង្កេតការណ៍មួយចំនួនបានលើកឡើងថា ការបោះឆ្នោតនៅបង់ក្លាដែសលើកនេះ គឺល្អជាងឆ្ងាយបើប្រៀបធៀបកាលពីអាណត្តិមុនៗ៕