(សេអ៊ូល)៖ ប្រមុខដឹកនាំ​កំពូលផុតលេខ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុង​ពិធី​​ថ្លែងសារ​ស្វាគមន៍​ការចូលមកដល់នៃឆ្នាំសកល​២០១៩នេះ បានបង្ហាញនូវជំហរ​​របស់ទីក្រុង​ព្យុងយ៉ាង​ដដែល នោះគឺការរក្សា​ការប្តេជ្ញាលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ចេញពីឧបទ្វីបកូរ៉េ ដែល​ប្រការ​នេះ​បាននាំឲ្យកូរ៉េខាងត្បូង​​សម្តែងការស្វាគមន៍​ភ្លាមៗ។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មាន​ស៊ីនហួរ នារសៀល​ថ្ងៃអង្គារ ទី០១ ខែមករា ឆ្នាំ២០១៩។

កាលពីយប់​ថ្ងៃចន្ទនោះ ប្រជាជនកូរ៉េខាងជើង​រ៉ាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នា​នៅឯទីលាន គីម អ៊ីលស៊ុង ដែលស្ថិតនៅកណ្តាល​​រដ្ឋធានីព្យុងយ៉ាង ដើម្បី​ត្រៀមស្វាគមន៍​​ការចូលមកដល់​នៃឆ្នាំ២០១៩ ហើយក្នុងនោះ​​ក៏មានការសម្តែង​សិល្បៈ ច្រៀងរាំ​កម្សាន្ត និងការបាញ់​​កាំជ្រួច​អបអរផងដែរ។ នាឱកាសនោះ​លោក គីម ជុងអ៊ុន បានធ្វើពិធីថ្លែងសារមួយ​​ជូនប្រជាជាតិ​របស់​លោក និងអន្តរជាតិ​យ៉ាងដូច្នេះថា «ខ្ញុំ​តែងតែត្រៀម​ខ្លួនជានិច្ច ដើម្បីអង្គុយ​ចុះម្តងទៀត​ជាមួយ​ប្រធានាធិបតី​អាមេរិក (លោក ដូណាល់ ត្រាំ) គ្រប់ពេល​វេលា និងខិតខំប្រឹងប្រែង​​បង្កើតចេញ​នូវ​លទ្ធផលមួយ​ ដែលសហគមន៍អន្តរជាតិនឹង​ស្វាគមន៍»។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍​ឆ្លងឆ្នាំខាងលើនេះ ត្រូវបានចាក់ផ្សាយ​នៅតាមកញ្ចក់ទូរទស្សន៍​រដ្ឋរបស់​កូរ៉េខាងជើង ដោយក្នុងនោះ​​លោក គីម ក៏បានសង្កត់ធ្ងន់​ផងដែរ អំពីចេតនា​របស់​កូរ៉េខាងជើង​ក្នុងការកសាង​ទំនាក់ទំនងថ្មីមួយ​ជាមួយសហរដ្ឋអាមេរិក និងជា​ពិសេស​នោះគឺ​ការបន្តការប្តេជ្ញា​ចិត្តលុបបំបាត់អាវុធ​នុយក្លេអ៊ែរ ចេញពីតំបន់​ឧបទ្វីបកូរ៉េ។ ជុំវិញ​​សារ​របស់​កូរ៉េខាងជើង​នេះដែរ ទីក្រុងសេអ៊ូល​​បានចេញមុខសម្តែង​ការរីករាយ និងស្វាគមន៍ ដោយ​អះអាងថា វានឹងបង្កើត​សន្តិភាពជាអចិន្ត្រៃយ៍​​សម្រាប់​ឧបទ្វីបកូរ៉េ៕