(ម៉ូស្គូ)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ០៧នាក់ហើយ ខណៈមនុស្ស ជាង៦០នាក់ទៀតបន្តបាត់ខ្លួន នៅក្នុងហេតុការណ៍បាក់រលំអគារស្នាក់នៅមួយកន្លែងនៅឯទីក្រុង ម៉ាកនីតូហ្គសក៍ (Magnitogorsk) ភាគនិរតីប្រទេសរុស្ស៊ី ដែលមានចម្ងាយជាង ១,៤០០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០១ ខែមករា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មានខាងលើ អគារស្នាក់នៅដែលមានកម្ពស់ ១០ជាន់បានបាក់រលំ ក្រោយមានការផ្ទុះហ្គាសយ៉ាងកក្រើកនៅម៉ោង ៤៖០០នាទីទៀបភ្លឺថ្ងៃចន្ទ (ម៉ោងនៅក្នុងតំបន់) ហើយមនុស្ស ៤៨នាក់ត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា ដោយក្នុងនោះ ០៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកឯអាជ្ញាធររុស្ស៊ីក៏បានទទួលស្គាល់ដែរថា សោកនាដកម្មនេះគឺបង្កឡើងដោយការផ្ទុះហ្គាសនៅក្នុងអគារតែម្ដង។
គួរបញ្ជាក់ថា មុនកើតហេតុអគារខាងលើមានមនុស្ស ១២០នាក់កំពុងស្នាក់ ហើយការផ្ទុះហ្គាសដ៏សម្បើមនេះក៏បានបំផា្លញបន្ទប់ចំនួន ៤៨ ផងដែរ។ ក្រោយចុះពិនិត្យកន្លែងកើតហេតុ មន្ត្រីជំនាញរុស្ស៊ីបានព្រមានថា អគារដែលស្ថិតនៅក្បែរៗនោះ អាចនឹងរងការបាក់រលំ ដោយសារតែឥទ្ធិពលនៃការផ្ទុះអគារកម្ពស់ ១០ជាន់នេះ។ ដោយឡែកប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក៏បានទៅត្រួតពិនិត្យដោយផ្ទាល់ នៅហ្នឹងកន្លែងកើតហេតុផងដែរ៕