(ភ្នំពេញ)៖ មុនថ្ងៃចូលឆ្នាំថ្មីឆ្នាំសកលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានចេញផ្សាយសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំ២០១៩ តាមរយៈអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញអ៊ីនធឺណែត។ តទៅនេះសូមអញ្ជើញអានសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំ២០១៩ របស់លោក ស៊ី ជីនភីង។
ជំរាបសួរ សមមិត្ត មិត្តភក្តិ ឯកឧត្តម លោកជំទាវ លោកលោកស្រីទាំងអស់គ្នា !
រយៈពេលកន្លងផុតទៅយ៉ាងឆាប់រហ័ស។ ឆ្នាំ២០១៩ ខិតជិតមកដល់ហើយ ខ្ញុំសូមជូនពរដ៏ល្អបវរនៃឆ្នាំថ្មីដល់អ្នកទាំងអស់គ្នាពីទីក្រុងប៉េកាំង។ ឆ្នាំ២០១៨ ជាឆ្នាំដែលយើងរស់នៅប្រកបដោយអត្ថន័យ និងបានដើរទៅមុខយ៉ាងរឹងមាំ។ ក្នុងឆ្នាំនេះយើងបានយកឈ្នះលើហានិភ័យ និងបញ្ហាប្រឈមគ្រប់បែបយ៉ាង ដើម្បីជំរុញសេដ្ឋកិច្ចឲ្យអភិវឌ្ឍដោយគុណភាពខ្ពស់ បានពន្លឿនការផ្លាស់ប្តូរនៃចលករថ្មី និងចលករចាស់ ហើយរក្សាដំណើរការសេដ្ឋកិច្ចឲ្យក្នុងក្របខ័ណ្ឌដ៏សមរម្យមួយ។
ការប្រយុទ្ធដើម្បីការពារផ្ទៃមេឃពណ៌ខៀវ ទឹកថ្លាយង់ និងដីប្រកបដោយជីវជាតិត្រូវបានជំរុញយ៉ាងរលូន ហើយកិច្ចការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់បែបយ៉ាងបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អជាបន្តបន្ទប់។ យុទ្ធសាស្ត្រជាតិដូចជា ការអភិវឌ្ឍទីក្រុងប៉េកាំង ទីក្រុងធានជីន និងខេត្តហឺពៃ ដោយស៊ីសង្វាក់គ្នា ការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងសេ និងការកសាងតំបន់មហាឈូងសមុទ្រ ខេត្តក្វាងតុង ហុងកុង និងម៉ាកាវជាដើម បានអនុវត្តជាបន្តបន្ទាប់ប្រកបដោយស្ថិរភាព។ ពេលខ្ញុំចុះទៅត្រួតពិនិត្យការងារនៅតំបន់នានា ខ្ញុំមានសេចក្តីរីករាយ ដោយបានឃើញ ច្រកសង្ខាងនៃទន្លេយ៉ងសេ មានពណ៌បៃតង ដីស្រែរាប់ម៉ឺនហិកតានៅតំបន់ជានសានជាំងពោរពេញដោយដំណាំស្រូវ ហើយតំបន់អភិវឌ្ឍ Qianhai ក្រុងសិនជិន និងសួនវិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ Zhangjiang ក្រុងសៀងហៃ មានកម្លាំងរស់រវើក ស្ពានហុងកុង ជូហៃ និងម៉ាកាវ បានតភ្ជាប់តំបន់ទាំងបី សមិទ្ធផលទាំងនេះមកពីការខិតខំតស៊ូ របស់ប្រជាជនគ្រប់ជនជាតិ និងអ្នកតស៊ូក្នុងយុគសម័យថ្មីនៃប្រទេសចិន។
មួយឆ្នាំនេះការផលិតដោយប្រទេសចិន ការបង្កបង្កើតដោយប្រទេសចិន និងការកសាងដោយប្រទេសចិនបានរួមគ្នារីកចម្រើន និងបានបន្តផ្លាស់ប្តូរមុខមាត់ប្រទេសចិន។ ឧបករណ៍វាស់ស្ទង់សញ្ញាឆាងអឺលេខ៤ បានបង្ហោះដោយជោគជ័យ នាវាផ្ទុកយន្តហោះទី ២ បានសាកល្បងធ្វើដំណើរនៅសមុទ្រ យន្តហោះធុនធំដែលអាចចុះចតលើផ្ទៃទឹក និងលើគោកនិងផលិតដោយប្រទេសចិនបានហោះហើរជាលើកដំបូងលើផ្ទៃទឹក ប្រព័ន្ធណែនាំផ្លូវ Beidou បានបោះជំហានយ៉ាងរឹងមាំទៅកាន់ការបង្កើតបណ្តាញទូទាំងពិភពលោក។ ឆ្លៀតឱកាសនេះ ខ្ញុំសូមសំដែងគារវកិច្ចចំពោះអ្នកវិទ្យាសាស្ត្រ ស្ថាបត្យករ អ្នកកសាងនិងអ្នកចូលរួមទាំងអស់។
មួយឆ្នាំនេះការងារកាត់បន្ថយភាពក្រីក្រទទួលបានដំណឹងល្អជាច្រើន។ មានស្រុកក្រីក្រចំនួន១២៥ បានត្រូវពិនិត្យវិនិច្ឆ័យថា បានរើបម្រះខ្លួនចេញផុតពីភាពក្រីក្រនៅទូទាំងប្រទេស បណ្តាជនក្រីក្រនៅជនបទចំនួន ១០លាននាក់បានដកចេញពីខ្សែបន្ទាត់នៃភាពក្រីក្រ។ ថ្នាំការពារមហារីកចំនួន ១៧ ប្រភេទបានបញ្ចុះតម្លៃនិងត្រូវបញ្ចូលក្នុងបញ្ជីធានារ៉ាប់រងខាងព្យាបាលជំងឺ បញ្ហាក្រីក្រដោយសារមានជំងឺកំពុងត្រូវដោះស្រាយថែមមួយកម្រិតទៀត។ខ្ញុំតែងតែនឹកដល់សមមិត្តដែលតស៊ូប្រយុទ្ធលើសមរភូមិនែការកាត់បន្ថយភាពក្រីក្រ កម្មាភិបាលនិងលេខាទី ១ ប្រចាំក្នុងភូមិចំនួនជាង ២ លាន ៨ សែននាក់ដែលកំពុងបំពេញការងារយ៉ាងផ្ចិតផ្ចង់ ត្រូវតែថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ។
ខ្ញុំតែងតែនឹកដល់បណ្តាជនក្រីក្រ។ នៅក្នុងភូមិសានហឺតំបន់លាំងសានខេត្តសឺឈាន់ ខ្ញុំបានទៅសួរសុខទុក្ខគ្រួសាររបស់ Jihao Yeqiu និង Jielie E Amu។ នៅក្នុងភូមិសានជានស៊ី ក្រុងជីណាន ខេត្តសានតុង ខ្ញុំបានសំណេះសំណាលជាមួយគ្រួសាររបស់ Zhao Shunli ។ ខ្ញុំបានទៅសហគមន៍តុងហ្វាយានក្រុងហ្វូសុនខេត្តលាវនីង ដើម្បីស្វែងយល់ពីស្ថានភាពនៃការចាត់ចែង និងការតាំងទីលំនៅថ្មីដើម្បីបញ្ចៀសគ្រោះថ្នាក់ ។ នៅក្នុងភូមិលានចាងក្រុងឈីងយានខេត្តក្វាងតុង ខ្ញុំបាននិយាយជាមួយគ្រួសារក្រីក្រឈ្មោះ Luy iអំពីមធ្យោបាយក្នុងការគេចចេញពីភាពក្រីក្រ។ មុខមាត់ដ៏ស្មោះត្រង់និងសុភាពរាបសាររបស់ពួកគេនៅតែស្ថិតក្នុងខួរក្បាលរបស់ខ្ញុំរហូតដល់ថ្ងៃនេះ។ក្នុងឱកាសដែលឆ្នាំថ្មីខិតជិតមកដល់ ខ្ញុំសូមជូនពរបងប្អូនទំាងអស់ ឲ្យមានជីវភាពរស់នៅល្អបវរនិងកាន់តែធូរធារថែមទៀត។
មួយឆ្នាំនេះ យើងបានអបអរសារទរយ៉ាងឱឡារិកនូវខួបទី ៤០ នៃកំណែទម្រង់និងការបើកទូលាយ ដែលបានធ្វើកំណែទម្រង់ជាលក្ខណៈប្រព័ន្ធ ជាទូទៅ និងអាចចាត់ចែងឡើងវិញចំពោះអង្គការបក្សនិងរដ្ឋ បានប្រកាសវិធានការកែទម្រង់សំខាន់ៗជាង ១០០ និងបានរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង ព្រមទាំងចាប់ដំណើរការតំបន់ពិសោធន៍ពាណិជ្ជកម្មសេរីក្នុងខេត្តហៃណាន។ពិភពលោកបានមើលឃើញល្បឿនអភិវឌ្ឍនៃប្រទេសចិន និងបានមើលឃើញការប្តេជ្ញាចិត្តរបស់ចិនក្នុងការអនុវត្តការធ្វើកំណែទម្រង់និងការបើកទូលាយគ្មានទីបញ្ចប់។ជំហាននៃកំណែទម្រង់របស់យើងមិនឈប់ទេ ទ្វារសម្រាប់បើកទូលាយនឹងកាន់តែធំទៅៗ។
ខ្ញុំបានមើលឃើញថា និសិ្សតជំនាន់ទីមួយបន្ទាប់ពីរៀបចំការប្រឡងចូលមហាវិទ្យាល័យឡើងវិញភាគច្រើនបានដល់វ័យចូលនិវត្តហើយនៅឆ្នាំ២០១៨នេះ មនុស្សដែលកើតក្រោយពីឆ្នាំ២០០០ភាគច្រើន បានចូលរៀននៅសកលវិទ្យាល័យហើយ។ ប្រជាពលរដ្ឋជាង១រយលាននាក់ ដែលមិនមែនជាអ្នកទីក្រុងកំពុងតាំងទីលំនៅនៅក្នុងទីក្រុង ប្រជាជន១៣ លាននាក់រកបានការងារធ្វើនៅទីក្រុងនិងផ្សាឃុំ លំនៅដ្ឋានចំនួន ៥ លាន ៨ សែនខ្នងកំពុងសាងសង់ឡើងដើម្បីដោះស្រាយបញ្ហាលំនៅដ្ឋានចាស់ទ្រុឌទ្រោម ហើយអ្នកក្រុងថ្មីក៏មានលំនៅដ្ឋានដ៏សុខសាន្តផងដែរ។
អ្នកក្រុងហុងកុង និងម៉ាកាវជាច្រើនទទួលបានប័ណ្ណស្នាក់នៅចិនដីគោក ហើយក្រុងហុងកុងបានតភ្ជាប់បណ្តាញផ្លូវដែកល្បឿនលឿនទូទាំងប្រទេស។ ប្រទេសចិនដែលមានប្រព័ន្ធគមនាគមន៍ទូទាំងប្រទេសជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍនិងភាពរុងរឿង ។ ប្រជាជនចិនទាំងអស់សុទ្ធតែខិតខំប្រឹងប្រែងដើម្បីឱ្យសុបិនក្លាយជាការពិត ។
ពេលនេះ ខ្ញុំសូមលើកឡើងជាពិសេសនូវឈ្មោះវីរជនមួយចំនួន។ ឆ្នាំ២០១៨នេះ នៅលើមេឃបានបន្ថែមនូវតារាមួយឈ្មោះថាតារា Nanrendong ដែលជាឈ្មោះតារាវិទូចិនដ៏ល្បីឈ្មោះម្នាក់ រូបថតវីរជននៃកងទ័ពទាំងមូលបានបន្ថែមនូវរូបថតរបស់លោក LinJunde និងលោក Zhangchao ។ យើងត្រូវចងចាំលោកWangJicai ជាអ្នកការពារកោះអស់រយៈពេល ៣២ ឆ្នាំ លោកHuang Qun លោកSong Yuecai និងលោក Jiang kaibin ដែលបានពលីជីវិតដើម្បីការពារវេទិកាពិសោធ ព្រមទាំងវីរជនផ្សេងទៀតដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិនិងប្រជាជន ។ ពួកគេទាំងឡាយជាមនុស្សគួរឲ្យស្រឡាញ់ជាទីបំផុតក្នុងយុគសម័យនេះ យើងគួរតែរំលឹកឡើងវិញនិងរៀនសូត្រជានិច្ច។
មួយឆ្នាំនេះ មិត្តភក្តិថ្មីនិងចាស់ជាច្រើនបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន ។ យើងខ្ញុំបានរៀបចំធ្វើសន្និសីទប្រចាំឆ្នាំនៃវេទិកាអាស៊ីនៅក្រុងប៉អៅ សន្និសីទកំពូលក្រុងឈីងតាវ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃនិងសន្និសីទកំពូលក្រុងប៉េកាំង នៃវេទិកាសហប្រតិបត្តិការចិននិងអាហ្វ្រិក ដោយបានលើកឡើងនូវគំនិតផ្តួចផ្តើមរបស់ចិន និងបញ្ចេញសំឡេងរបស់ចិនផងដែរ។ ខ្ញុំនិងសហការីរបស់ខ្ញុំក៏បានទៅបំពេញទស្សនកិច្ចនៅទ្វីបចំនួន៥ ដោយបានចូលរួមសកម្មភាពការទូតសំខាន់ៗជាច្រើន ព្រមទាំងធ្វើការផ្លាស់ប្តូរយ៉ាងទូលំទូលាយជាមួយថ្នាក់ដឹកនាំនៃប្រទេសនានា ដើម្បីពង្រឹងនិងពង្រីកមិត្តភាព បង្កើនទំនុកចិត្តលើគ្នានិងបន្ថែមមិត្តភក្តិជាច្រើនថែមទៀត។
នៅឆ្នាំ២០១៩ យើងខ្ញុំនឹងរៀបចំធ្វើពិធីអបអរសាទរខួបទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនយ៉ាងឱឡារិក។ ប្រទេសចិនបានពុះពារឧបសគ្គជាច្រើនក្នុងរយៈពេល៧០ឆ្នាំ។ ប្រជាជន ជាមូលដ្ឋានដ៏រឹងមាំរបស់សាធារណរដ្ឋប្រជាមានិតចិន និងជាកម្លាំងគាំទ្រដ៏ធំបំផុតសម្រាប់យើងដឹកនាំនិងគ្រប់គ្រងប្រទេសជាតិ ។ ជានិច្ចកាល ប្រជាជនចិនខិតខំប្រឹងប្រែងដោយពឹងផ្អែកលើខ្លួន ហើយបានបង្កើតអច្ឆិរយៈចិនដែលញ៉ាំងឲ្យពិភពលោកផ្តោតការយកចិត្តទុកដាក់ ។ ពេលអនាគត មិនថានឹងជួបឧបសគ្គលំបាកយ៉ាងណាក្តី យើងខ្ញុំរឹតតែត្រូវខិតខំព្យាយាមដោយពឹងផ្អែកលើប្រជាជន មានជំនឿយ៉ាងមុតមាំនិងការអត់ធ្មត់ជានិច្ច ដើម្បីជំរុញបុព្វហេតុដ៏មហិមាដែលមិនធ្លាប់មានកាលពីមុនឲ្យទទួលបានការរីកចម្រើន។
ឆ្នាំ២០១៩ មានកាលានុវត្តភាពផងហើយក៏មានបញ្ហាប្រឈមផងដែរ យើងទាំងអស់គ្នាគួរតែរួមគ្នាខិតខំប្រឹងប្រែងហើយតស៊ូជាមួយគ្នា។ ការដាក់ចេញវិធានការ និងគោលនយោបាយកាត់បន្ថយពន្ធ និងកាត់បន្ថយថ្លៃដើមបានជួយបន្ធូរបន្ទុករបស់សហគ្រាសជាច្រើន។ យើងគួរតែគោរពធនធានមនុស្សគ្រប់ប្រភេទ ដើម្បីបំផុសកម្លាំងចលករ និងច្នៃប្រឌិតថ្មីរបស់ពួកគេទាំងឡាយ ។ យើងត្រូវស្តាប់សំឡេងរបស់កម្មាភិបាលមូលដ្ឋាន ដើម្បីជួយលើកទឹកចិត្តនិងគាំទ្រដល់ពួកគេដែលមានទំនួលខុសត្រូវនិងភាពក្លាហាន។
ត្រូវតែខិតខំប្រឹងប្រែងដើម្បីសម្រេចបានតាមផែនការនូវការកាត់បន្ថយប្រជាពលរដ្ឋក្រីក្រជាង១០លាននាក់នៅជនបទ។ យើងត្រូវតែយកចិត្តទុកដាក់ដល់អតីតយុទ្ធជនពួកគេទាំងឡាយបានរួម ចំណែករបស់ខ្លួន ដើម្បីការពារជាតិ។ ពេលនេះអ្នកដឹកជញ្ជូនទំនិញរហ័ស អ្នកបោសសម្អាត អ្នករត់តាក់ស៊ី និងពលកររាប់ពាន់រាប់ម៉ឺននាក់កំពុងបំពេញការងារយ៉ាងឧស្សាហ៍ព្យាយាម យើងត្រូវតែថ្លែងអំណរគុណចំពោះគេទាំងឡាយដែលជាអ្នកបង្កើតនិងជាអ្នកគាំពារជីវភាពរស់នៅដ៏ល្អបវរនេះ។
បើសំឡឹងមើលពីសភាពការណ៍ពិភពលោក យើងខ្ញុំកំពុងស្ថិតក្នុងសភាពការណ៍ប្រែប្រួលយ៉ាងខ្លាំងដែលមិនធ្លាប់មានកាលពីមុន។ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក្តី ជំនឿនិងការប្តេជ្ញាចិត្តរបស់ចិនក្នុងការគាំពារអធិបតេយ្យភាពនិងសន្តិសុខជាតិមិនផ្លាស់ប្តូរទេ ហើយភាពស្មោះត្រង់ និងសុច្ចន្ទៈរបស់ចិនក្នុងការគាំពារសន្តិភាពពិភពលោក និងជំរុញការអភិវឌ្ឍរួមក៏មិនផ្លាស់ប្តូរដែរ។
យើងនឹងជំរុញយ៉ាងសកម្មនូវការរួមគ្នាកសាងខ្សែក្រវាត់មួយនិងផ្លូវមួយ បន្តជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ខិតខំឥតស្រាកស្រាន្តដើម្បីកសាងពិភពមួយ ដែលកាន់តែរុងរឿងនិងល្អបវរ។
ស្នូរជួងឆ្នាំថ្មីជិតគោះឲ្យលាន់ឮ សូមអ្នកទាំងអស់គ្នាទទួលបាននូវជំនឿចិត្តនិងសេចក្តីសង្ឃឹម រួមគ្នាអបអរការមកដល់ឆ្នាំថ្មីឆ្នាំ ២០១៩។
ជូនពរប្រទេសចិន! ជូនពរពិភពលោក!
សូមអរគុណ!