(ម៉ូស្គូ)៖ ក្រុមភ្នាក់ងាររក្សាសន្តិសុខរុស្ស៊ី FSB បានចាប់ខ្លួនជនជាតិអាមេរិកម្នាក់ ក្រោមការសង្ស័យពីបទស៊ើបការណ៍សម្ងាត់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។
ទីភ្នាក់ងាររុស្ស៊ី FSB បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងនាថ្ងៃចន្ទនេះថា ពលរដ្ឋអាមេរិកម្នាក់ឈ្មោះ ផល វេលែន (Paul Whelan) ត្រូវបានឃាត់ខ្លួនដោយកម្លាំងរបស់ទីភ្នាក់ងារ ស្របពេលដែលជននោះកំពុងធ្វើសកម្មភាពឈ្លបយកការណ៍ នៅក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃសុក្រសប្តាហ៍មុន។
គួរជម្រាបថា កាលពីអំឡុងដើមខែធ្នូនេះ ជនជាតិន័រវែសម្នាក់ ត្រូវបានឃាត់ខ្លួនពីបទស៊ើបការណ៍សម្ងាត់ នៅប្រទេសរុស្ស៊ី ស្រដៀងនឹងករណីខាងលើផងដែរ ដោយជននោះមានឈ្មោះថា Frode Berg ដែលនឹងត្រូវឡើងសវនាការដើម្បីជំនុំជម្រះក្តីនៅខែកុម្ភៈ ឆ្នាំ២០១៩៕