(ញូយ៉ក)៖ រូបថតរបស់បុរសជាជនជាតិអាមេរិកម្នាក់ ដែលពាក់ស្លាកស្វែងរកអ្នកបរិច្ចាគក្រលៀនឱ្យភរិយារបស់ខ្លួន កំពុងបង្កភាពភ្ញាក់ផ្អើល និងការអាណិតអាសូយ៉ាងខ្លាំង នៅលើបណ្ដាញទំនាក់ទំនងសង្គម ទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។
រូបថតជាច្រើនសន្លឹកត្រូវបានគេថត នៅឯផ្សារទំនើបមួយកន្លែង បានបង្ហាញពីបុរសម្នាក់ពាក់ស្លាកដោយមានសរសេរពីលើថា «ស្វែងរកអ្នកបរិច្ចាគគ្រលៀន មានឈាមគ្រុប B+» ឱ្យប្រពន្ធរបស់ខ្លួនជាមួយលេខទំនាក់ទំនងផងដែរ។ ចំណែកឯ បណ្ដាញទំនាក់ទំនងសង្គមជាពិសេសគឺ Twitter បាននាំគ្នាចែករំលែករូបភាពបុរសនេះបន្ត ដោយសង្ឃឹមថា នឹងរកបានអ្នកបរិច្ចាគ។
គួរបញ្ជាក់ថា បុរសខាងលើត្រូវបានគេបញ្ជាក់អត្តសញ្ញាណរួចហើយ ដោយលោកមានឈ្មោះថា រ៉ាយម៉ុនដ៍ ថមសុន (Raymond Thompson) និងមានប្រពន្ធឈ្មោះ ម៉ាយឡេន (Mylen) ដែលកំពុងជំងឺក្រលៀន (តំរងនោម) អស់រយៈពេលជាង ២ឆ្នាំមកហើយ។ អ្នកទាំងពីររស់នៅក្នុងសង្កាត់ ប្រ៊ូឃ្លីន (Brooklyn) នៃទីក្រុងញូយ៉ក ជាមួយកូនស្រីម្នាក់អាយុ ០៤ឆ្នាំ។ ដោយឡែកបើតាមសារព័ត៌មាន CNN មនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ បានយល់ព្រមបរិចា្ចគឱ្យគ្រលៀន Mylen ហើយ៕