(បារាំង)៖ យុវតី ធីឡាន ប្លង់ដូ (Thylane Blondeau) ដែលធ្លាប់ជាប់ជាកុមារីស្អាតផ្តាច់គេលើពិភពលោកកាលពីរយៈពេល ១១ឆ្នាំកន្លងទៅនោះ មកដល់ឆ្នាំ២០១៨នេះ នាងនៅតែគ្រងតំណែងជានារីស្រស់ស្អាតបំផុតលើពិភពលោកដដែល ក្នុងនាមជាតារាម៉ូដែលដែលមានវ័យទើបតែ ១៧ឆ្នាំប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។
Thylane Blondeau បានក្លាយជាតារាម៉ូដែល ឲ្យអ្នកច្នៃម៉ូដបារាំងដ៏ល្បីល្បាញគឺលោក ហ្សង់ ផូល ហ្គូលទែ (Jean Paul Gaultier) តាំងតែពីនាងទើបមានវ័យ ០៤ឆ្នាំមកម្ល៉េះ ហើយក្រោយមកពេលនាងមានអាយុ ០៦ឆ្នាំ នាងបានជាប់ឈ្មោះជាក្មេងស្រីម៉ូដែល ដែលមានសម្រស់ស្អាតជាងគេបំផុតនៅលើពិភពលោក "the most beautiful girl" តែម្តង។
ការប្រកួតប្រជែងជាថ្មីក្នុងការបិទបញ្ចប់ទំព័រឆ្នាំ២០១៨ នេះត្រូវបានធ្វើឡើងដោយគណនី Instagram ឈ្មោះ TC Candler ដែលមានអ្នក Follows រហូតដល់ទៅជាង ៦៦៤ពាន់នាក់។ នៅក្នុងនោះវីដេអូដែលបង្ហាញពីសម្រស់នារីទូទាំងពិភពលោកចំនួន ១០០នាក់ត្រូវបានបង្ហោះ ហើយត្រឹមតែរយៈពេលពីរថ្ងៃប៉ុណ្ណោះ វីដេអូរបស់យុវតី Thylane Blondeau មានអ្នកទស្សនារហូតដល់ទៅជាង ២លានដង ដែលនេះបង្ហាញថា នាងជាម្ចាស់ជ័យលាភីប្រចាំឆ្នាំ២០១៨។
គួរបញ្ជាក់ថា ក្រោយពីបានគ្រងតំណែងនេះជាថ្មី Thylane Blondeau បានបង្ហោះសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាអ្នកគាំទ្ររបស់នាង ដោយក្នុងនោះនាងបានបញ្ជាក់ថា «ខ្ញុំមិនដែលរំពឹងនឹងទទួលបានលេខ ១ បែបនេះឡើយ»។ ដោយឡែកក្រុមអ្នកគាំទ្រជាច្រើនបានសម្តែងការអបអរចំពោះ Thylane Blondeau និងមួយចំនួនបានលើឡើងថា «អ្នកពិតជាស្អាត... អ្នកសាកសមហើយដែលទទួលបានតំណែងនេះ... យើងដឹងថា អ្នកឆ្លាត និងស្រស់ស្អាតបំផុត...»៕