(ម៉ានីល)៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះរអិលបាក់ដី និងទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅប្រទេសហ្វីលីពីន បានកើនឡើងដល់ ៦៨នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ក្នុងរបាយការណ៍ថ្មីចុងក្រោយ ពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីលីពីន ចំនួនអ្នកស្លាប់ទាំងនេះ គឺបង្កឡើងភាគច្រើនដោយសារតែត្រូវដីបាក់សង្កត់លើ និងការលង់ទឹកនៅតំបន់ ប៊ូខូល (Bicol) ដែលមានមនុស្សបាត់បង់ជីវិតច្រើនជាងគេរហូតដល់ ៥៧នាក់ និងនៅតំបន់វីសាយ៉ាស់ (Visayas) ខាងកើតមានអ្នកស្លាប់ ១១នាក់។ សម្រាប់តំបន់ភាគកណ្តាលទាំងពីរនេះ ក៏មានមនុស្ស១៩នាក់បាត់ខ្លួនផងដែរ។
គួរជម្រាបថា ព្យុះដែលបាននាំយកទឹកភ្លៀងយ៉ាងជោគជាំ មកលើហ្វីលីពីនកាលពីថ្ងៃសៅរ៍កន្លងទៅ បានបោកបក់ឆ្លងចេញផុតពីប្រទេសដីកោះនេះ នៅថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែទីភ្នាក់ងារឧតុនិយមហ្វីលីពីន បានព្រមានថា ទឹកភ្លៀងនឹងនៅតែបន្តធ្លាក់ក្នុងអំឡុងប៉ុន្មានថ្ងៃខាងមុខ៕