(ញូដេលី)៖ នាយករងនៃសាកលវិទ្យាល័យរដ្ឋមួយកន្លែងក្នុងប្រទេសឥណ្ឌា បានធ្វើការអំពាវនាវគួរឲ្យភ្ញាក់មួយទៅកាន់និស្សិតរបស់ខ្លួន គឺតាមរយៈការជំរុញឲ្យពួកគេប្រព្រឹត្តអំពើឃាតកម្ម ទៅលើនិស្សិតគ្នាឯងតែម្តងទៅ ប្រសិនបើមានបញ្ហាទំនាស់អ្វីមួយ ជាជាងមកប្តឹងរូបលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងវីដេអូដែលគេថតបាន លោក រ៉ាចា រ៉ាម យ៉ាដាវ (Raja Ram Yadav) ដែលជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ ភឺវ៉ាន់ចាល់ (Purvanchal) ក្នុងរដ្ឋ យូតតា ប្រាដែស (Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌាបាននិយាយយ៉ាងដូច្នេះថា «បើអ្នកជានិស្សិតនៃសាកលវិទ្យាល័យនេះ កុំមកយំប្តឹងខ្ញុំឲ្យសោះ។ បើអ្នកមានជម្លោះទាស់ទែងណាមួយនោះ អ្នកគួរតែប្រើហិង្សាលើគូបដិបក្ខរបស់ខ្លួន ឬបើអាចសម្លាប់ពួកគេចោលតែម្តងទៅក៏បានដែរ ចាំយើងជាអ្នកដោះស្រាយបញ្ហាឲ្យតាមក្រោយ»។
គួរជម្រាបថា ពាក្យពេចន៍ខាងលើរបស់ លោក Yadav ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន អំឡុងកម្មវិធីមួយនៅសាកលវិទ្យាល័យ Purvanchal ក្នុងទីក្រុង ហ្គាហ្ស៊ីភើ (Ghazipur) នៃរដ្ឋមានមនុស្សរស់នៅច្រើនបំផុតរបស់ឥណ្ឌា គឺ Uttar Pradesh។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រដ្ឋ Uttar Pradesh ក៏មានករណីអំពើហិង្សា និងឧក្រិដ្ឋកម្មជាច្រើន បានកើតមានឡើងផងដែរ។
ទោះជាបែបនេះក្តី គេពុំទាន់ឃើញមានប្រតិកម្មណាមួយពីអាជ្ញាធរឥណ្ឌា ចំពោះនាយករងសាលារៀនខាងលើ ដែលបានណែនាំសិស្សឲ្យប្រព្រឹទ្ធទង្វើឧក្រិដ្ឋកម្មខាងលើនេះឡើយ ខណៈដែលមហាជនឥណ្ឌា ជាពិសេសបណ្តាញសារព័ត៌មានតូចធំក្នុងស្រុក កំពុងចុះផ្សាយ និងរិះគន់ទង្វើបែបនេះយ៉ាងផុសផុល៕