(ម៉ូស្គូ)៖ មនុស្សយ៉ាងហាចណាស់៣នាក់បានស្លាប់ និង៣នាក់រងរបួស ខណៈមនុស្ស៧៩នាក់បាត់ខ្លួន នៅក្នុងហេតុការណ៍បាក់រលំ អគារស្នាក់នៅមួយកន្លែងនៅឯទីក្រុង Magnitogorsk ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។

យោងតាម Russian Today អគារខាងលើបានបាក់រលំ ក្រោយមានការផ្ទុះហ្គាសនៅម៉ោង៤ទៀបភ្លឺ ថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងតំបន់) ហើយមនុស្ស១៦នាក់ត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា។ ចំណែកឯ អាជ្ញាធររុស្ស៊ីក៏បានទទួលស្គាល់ដែរ​ថា​សោក​នាដកម្មនេះគឺបង្កឡើងដោយការផ្ទុះហ្គាសនៅក្នុងអគារតែម្ដង។

គួរបញ្ជាក់ថា អគារខាងលើ មានមនុស្ស១១០នាក់កំពុងស្នាក់ ហើយការផ្ទុះហ្គាសដ៏សម្បើមនេះក៏បានបំផា្លញបន្ទប់ចំនួន៤៨ ផងដែរ៕