(ប៉េកាំង)៖ យានអវកាស ឆាងអឺ-៤ (Chang'e 4) បានចូលទៅដល់គន្លងគោចរ​ដែលគ្រោងទុក​ នៅជុំវិញឋានព្រះច័ន្ទដោយជោគជ័យ និង​កំពុង​ត្រៀម​​​​ខ្លួន​​សម្រាប់​​ការព្យាយាមចុះចត​ជាលើកដំបូងក្នុង​ប្រវត្តិសាស្រ្ត នៅលើតំបន់​ចំហៀងម្ខាងទៀតរបស់​ព្រះច័ន្ទ។ នេះ​បើ​តាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។

ទីភ្នាក់ងារអវកាស​ចិនហៅកាត់ CNSA បានឲ្យដឹងថា យានបានចូលទៅ​ដល់ចំណុច​នៃគន្លងព្រះច័ន្ទតាមការគ្រោងទុកក្នុង​ថ្ងៃអាទិត្យ​​ម្សិល​មិញ ហើយ Change'e 4 នឹងចាប់ផ្តើមរៀបចំ​លក្ខណៈ​សម្រាប់​ការចុះចត​ ជាលើកទីមួយ​នៅ​ឯ​តំបន់អាថ៌​កំបាំង​ដែលគេ​ហៅថា «ចំហៀងងងឹត ឬចំហៀងឆ្ងាយ​របស់​ព្រះច័ន្ទ» ដែល​មិន​ដែល​​ធ្លាប់​បែរ​មក​រក​ផែនដី​យើង​​ឡើយ។ យ៉ាង​ណា​មិញ ទីក្រុងប៉េកាំង​មិនទាន់បានបញ្ជាក់​លម្អិតភ្លាមៗថា ការចុះចតនៃយាន​អវកាសរបស់ខ្លួន​ នឹង​ប្រព្រឹត្ត​ទៅចំថ្ងៃណា​ឲ្យ​ប្រាកដនៅ​ឡើយទេ។

គួរជម្រាបថា ដោយសារបាតុភូត​​ទំនាញ​ Tidal Locking បានធ្វើឲ្យផ្ទៃ​តែមួយចំហៀងប៉ុណ្ណោះ​​របស់ព្រះច័ន្ទ បែរ​មុខ​មក​រក​​ផែនដី​ជា​រៀងរហូត​នៅពេលដែលវាវិលគោចរ​នៅជុំវិញភពរបស់​យើង។ ចំណែកផ្នែកមួយចំហៀង​ទៀតរបស់វា មិន​ធ្លាប់​ត្រូវ​បាន​​​អ្នកវិទ្យាសាស្រ្ត​ធ្វើការស្រាវជ្រាវនៅលើទីនោះផ្ទាល់​ឡើយ ប៉ុន្តែធ្លាប់មាន​​យាន​ហោះ​កាត់​ និង​គូស​ផែនទីបាន​លម្អិត​​មួយចំនួន។ តាមពិតទៅ បើព្រះច័ន្ទ​មិនវិលជុំវិញខ្លួនឯងទេ​​នោះ ផ្ទៃ​របស់វា​នឹង​មាន​​ឱកាស​បង្ហាញ​​ខ្លួន​ឲ្យ​យើង​ឃើញ​​ពី​ផែនដី​​៕