(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការសាងសង់របងផ្ទះរបស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ពិតជាមានសារៈសំខាន់ព្រោះវាគឺជាការការពារសន្តិសុខ និងសុវត្ថិភាព។ ប៉ុន្តែទន្ទឹមគ្នានេះលោក ត្រាំ ក៏បានអះអាងដែរថា ការសាងសង់ជញ្ជាំងព្រំដែនជាប់ជាមួយម៉ិចស៊ីកូ ក៏មានភាពចំាបាច់ដូចគ្នានេះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។
ការកត់សម្គាល់ខាងលើរបស់លោក ត្រាំ ធ្វើឡើងនៅលើ Twitter កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) និងនៅចំពេលដែលគម្រោងសាងសង់ជញ្ជាំងព្រំដែនរបស់លោកជាមួយម៉ិចស៊ីកូ ដើម្បីទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ កំពុងជាប់គាំង ដោយសារការជំទាស់ពីសមាជិកភាគណបក្សប្រជាធិបតេយ្យ ដែលកំពុងគ្រប់គ្រងសភាតំណាងរាស្ត្រ។
លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី អូបាម៉ា និងភរិយារបស់លោក បានសាងសង់របងផ្ទះ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពរបស់ពួកគេ... ដូចគ្នាដែរសហរដ្ឋអាមេរិកក៏ត្រូវការជញ្ជាំងព្រំដែនមួយផងដែរ»។
គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ពីការសាងសង់របងផ្ទះរបស់លោក អូបាម៉ា កើតមានឡើងតាំងតែពីជាង ២ឆ្នាំមកម្ល៉េះ។ ប៉ុន្តែលោក ត្រាំ បានឆ្លៀតយករឿងនេះមកនិយាយឡើងវិញ ក្នុងចេតនាការពារគម្រោងសាងសង់ជញ្ជាំងព្រំដែន ជាមួយម៉ិចស៊ីកូដែលលោកធ្លាប់បានសន្យាថា នឹងធ្វើឲ្យបានតាំងតែពីអំឡុងយុទ្ធនាការឃោសនា រកសំឡេងឆ្នោតឆ្នាំ២០១៦៕