(ប៊ែរឡាំង)៖ ក្នុងកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទនាថ្ងៃអាទិត្យ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺគែល បានស្នើឲ្យប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ ធ្វើសកម្មភាពប្រកបដោយភាពអត់ធ្មត់ និងទទួលខុសត្រូវ ខណៈដែលសហរដ្ឋអាមេរិកបានសម្រេចដកកងទ័ពចេញពីប្រទេសស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍របស់ ការិយាល័យអធិបការបតីអាល្លឺម៉ង់ កិច្ចសន្ទនាខាងលើបានផ្តោតជាសំខាន់លើស៊ីរី ដោយភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃនីតិវិធីនយោបាយ ដែលមានអង្គការសហប្រជាជាតិជាអ្នកដឹកនាំ សំដៅបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនៅប្រទេសស៊ីរី។
សេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមថា ក្រុមភេរវករ ISIS នៅតែបន្តជាការគំរាមកំហែងធំមួយ ដែលមិនទាន់អាចមើលរំលងបានឡើយ។ នាឱកាសនោះលោកស្រី មឺគែល ក៏បានសម្តែងការពេញចិត្តចំពោះតួនាទីរបស់តួកគីផងដែរ នៅក្នុងសង្គ្រាមស៊ីរី ជាពិសេសក្នុងការបើកទទួលជនភៀសខ្លួនស៊ីរី និងបានបង្ហាញក្តីរំពឹងថា ទីក្រុងអង់ការ៉ានឹងឆ្លើយតបដោយភាពអត់ធ្មត់ និងដោយការទទួលខុសត្រូវ ចំពោះការប្រកាសដកទ័ពចេញពីស៊ីរីរបស់អាមេរិក។
គួរជម្រាបថា កិច្ចសន្ទនារបស់មេដឹកនាំអាល្លឺម៉ង់-តួកគី បានកើតមានឡើង បន្ទាប់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែធ្នូ បានប្រកាសថា ខ្លួនកំពុងរៀបចំដកកងទ័ពចេញពីរុស្ស៊ី ក្រោយបានអះអាងពីជ័យជម្នះក្នុងសមរភូមិប្រយុទ្ធប្រឆាំងក្រុម ISIS៕