(តេហេរ៉ង់)៖ ប្រធានសេនាធិការយោធាអ៊ីរ៉ង់ លោកឧត្តមសេនីយ ម៉ូហាំម៉េដ បាគែរី (Mohammad Baqeri) បានកត់សម្គាល់ថា វត្តមានកងកម្លាំង និងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS John C. Stennis គឺមានតែដុតបញ្ឆេះជម្លោះ និងបង្កអសន្តិសុខនៅក្នុងតំបន់ឈូងសមុទ្រពែក្សតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក Baqeri បានបញ្ជាក់ទៀតថា ការសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីស៊ីរី របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏នឹងជួយដល់ការស្ដារសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលផងដែរ ប៉ុន្តែបញ្ហាធំនៅពេលនេះ គឺអ៊ីរ៉ង់ចង់សំដៅទៅលើការបញ្ជានាវាដឹកយន្តហោះចម្បាំងអាមេរិក មកកាន់ឈូងសមុទ្រពែក្ស។
គួរបញ្ជាក់ថា នាវផ្ទុកយន្ដហោះចម្បាំងអាមេរិក USS John C. Stennis បានធ្វើដំណើរមកដល់ឈូងសមុទ្រពែក្សកាលពីថ្ងៃទី២១ ខែធ្នូកន្លងទៅ បន្ទាប់ពីអវត្តមាននៅក្នុងតំបន់ចាប់តាំងពីឆ្នាំ២០០១មក និងក្រោយអ៊ីរ៉ង់ព្រមានបិទច្រកសមុទ្រ ហ័រមូស (Hormuz) ដែលជា ផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់មួយនៅលើពិភពលោក។ អ៊ីរ៉ង់ក៏ធ្លាប់ព្រមានប្រើកម្លាំងទប់ទល់ផងដែរ ប្រសិនបើនាវាចម្បាំងនេះ ហ៊ានចូលកាន់ច្រកសមុទ្រហ័រមូស៕