(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីអាមេរិកលោក ដូណាល់ ត្រាំ ថាទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកកិច្ចសន្ទនា ដោះស្រាយបញ្ហាខ្វែងគំនិតគ្នាទាំងឡាយរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។
លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងលិខិតអបអរឆ្នាំថ្មីមួយផ្ញើជូនលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ។ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកគឺជាកត្តាដ៏សំខាន់បំផុត ដែលចូលរួមចំណែកលើកកម្ពស់ស្ថេរភាព និងសន្តិសុខពិភពលោក... ហើយទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកកិច្ចសន្ទនាដោះស្រាយបញ្ហាខ្វែងគំនិតគ្នាទាំងឡាយរវាងប្រទេសទាំងពីរ»។
គួរជម្រាបថា ក្រៅពីលោក ត្រាំ លោក ពូទីន ក៏បានផ្ញើសារជូនពរឆ្នាំថ្មីដល់មេដឹកនាំពិភពលោកផ្សេងទៀត ក្នុងនោះរួមមាន នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May), នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ព្រមទាំងប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ ផងដែរ។ ឆ្នាំ២០១៩ ខាងមុខនេះ នឹងក្លាយជាឆ្នាំថ្មីមួយនេះទៀត នៃការពិសោធន៍ទំនាក់ទំនងទាំងផ្នែកការទូត និងសេដ្ឋកិច្ចរវាងប្រទេសមហាយក្សលើពិភពលោកទាំងអស់៕