(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo នៅថ្ងៃចន្ទនេះ បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិតមួយច្បាប់ឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណៈកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែររវាងប្រទេសទាំងពីរ កំពុងជាប់គាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។
យោងតាម Chosun Ilbo លិខិតរបស់លោក គីម ត្រូវបានប្រគល់ឱ្យលោកត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុន តាមរយៈបណ្ដាញទំនាក់ទំនងមិនស្គាល់អត្តសញ្ញាណមួយ ហើយក៏មិនបានបញ្ជាក់លម្អិតថាក្នុងលិខិតនិយាយពីអ្វីដែរ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអាមេរិកខ្លះអះអាងថាលិខិតខាងលើគឺមានពាក់ព័ន្ធនឹងកិច្ចចរចានុយក្លេអ៊ែររវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ លោក គីម ជុងអ៊ុន ក៏បានផ្ញើលិខិតមួយច្បាប់ឱ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ផងដែរ ហើយលោកថែមទាំងសូមទោសសម្រាប់ការមិនបានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល នៅមុនដំណាច់ឆ្នាំ២០១៨នេះ ព្រមទាំងស្នើឱ្យមានការរៀបចំជំនួបកំពូលអន្តរកូរ៉េបន្ថែមនៅឆ្នាំ២០១៩ ទៀតផង៕