(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសូមទោសសម្រាប់ការមិនបានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅមុនដំណាច់ឆ្នាំ២០១៨នេះ។ នេះបើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ការកត់សម្គាល់ខាងលើលោក គីម ធ្វើឡើងនៅក្នុងលិខិតមួយផ្ញើឱ្យលោក មូន ជែអ៊ីន នៅថ្ងៃអាទិត្យនេះ។ លើសពីនេះទៅទៀត នៅក្នុងលិខិតនេះដដែល មេដឹកនាកូរ៉េខាងជើងក៏បាននិយាយដែរថាលោកចង់រៀបចំជំនួបកំពូលបន្ថែមទៀតជាមួយលោក មូន នៅឆ្នាំ២០១៩ខាងមុខ ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
គួរជម្រាបថា លោក គីម ជុងអ៊ុន បានផ្ញើលិខិតឱ្យលោក មូន ជែអ៊ីន នាឱកាសពិធីអបអរដល់ស្ថានភាពធូរស្រាលនៅលើឧបទ្វីបកូរ៉េដែលមេដឹកនាំទាំងពីរសម្រេចបាននៅក្នុងឆ្នាំ២០១៨នេះ។ ប៉ុន្តែព្រមពេលជាមួយ លោក គីម ក៏បានសូមទោសផងដែរសម្រាប់ការមិនបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលមុនដាច់ឆ្នាំ២០១៨ ដែលលោកបានយល់ព្រមនឹងលោកមូន នៅក្នុងជំនួបកំពូលនៅទីក្រុងព្យុងយ៉ាង កាលពីកញ្ញាកន្លងទៅ៕