(ម៉ារ៉ុក)៖ ជនសង្ស័យទី១៤ ត្រូវបានអាជ្ញាធរម៉ារ៉ុកចាប់ខ្លួនកាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) នៅក្នុងសំណុំរឿងឃាតកម្មកាត់ ក្បាលស្រី្តទេសចរណ៍២នាក់ មកពីប្រទេសដាណឺម៉ាក និងន័រវែស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨។
អាជ្ញាធរម៉ារ៉ុក បានឱ្យដឹងទៀតថា ជនសង្ស័យទី១៤ខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួននៅឯទីក្រុង Marrakech។ ប៉ុន្តែ មិនបានបញ្ជាក់លម្អិតពីអត្តសញ្ញាណឡើយ ដោយគ្រាន់តែបង្ហើបថាបុរសរូបនេះគឺជាជនជាតិស្វីសមានសញ្ជាតិអេស្ប៉ាញ រស់នៅក្នុងប្រទេសម៉ារ៉ុក។
គួរបញ្ជាក់ថា ស្ត្រីជាភ្ញៀវទេសចរណ៍២នាក់ គឺនាង Louisa Jespersen មានអាយុ២៤ឆ្នាំ មកពីប្រទេសដាណឺម៉ាក និងនាង Maren Ueland មកពីប្រទេសន័រវែស មាន២៨ឆ្នាំ ត្រូវបានគេរកឃើញសាកសពក្នុងសភាពត្រូវគេកាត់ក្បាលនៅឯតំបន់ភ្នំ Atlas នៃទីក្រុង Imlil កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅ។
ដោយឡែក មកទល់នឹងពេលនេះ ជនសង្ស័យ១៣នាក់ហើយ ត្រូវបានអាជ្ញាធរម៉ារ៉ុកចាប់ខ្លួនក្នុងសំណុំរឿងឃាតកម្មដ៏សាហាវ ព្រៃផ្សៃនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកមួយចំនួន មនុស្ស៤នាក់ក្នុងចំណោមអ្នកទំាងនេះអាចមានទំនាក់ទំនងជាមួយក្រុម ISIS ស្របពេលការស៊ើបអង្កេតកំពុងដំណើរការ៕