(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីន នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់២២នាក់បានស្លាប់ និងជាច្រើននាក់ទៀត បាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ ព្រមទាំងរអិលបាកដីនៅក្នុងតំបន់មួយនៃប្រទេសហ្វីលីពីន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរហ្វីលីពីន ជនរងគ្រោះខាងលើភាគច្រើន គឺស្លាប់ដោយសារគ្រោះរអិលបាក់ដីនៅក្នុងតំបន់ Bicol និងតំបន់ Visayas ភាគខាងកើត ស្ថិតនៅភាគកណ្ដាលប្រទេសហ្វីលីពីន។ បន្ថែមពីលើនេះ អាជ្ញាធរហ្វីលីពីន ក៏បានបញ្ជាក់ដែរថាមនុស្ស ៤,៩០៦នាក់បានរងផលប៉ះពាល់ដែលបង្កឡើងដោយព្យុះ Usman។
គួរបញ្ជាក់ថា ព្យុះត្រូពិច Usman មានកម្លាំងខ្យល់ជាអតិបរមា៦៥គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារលើប្រទេសហ្វីលីពីន កាលពីថ្ងៃសៅរ៍ ហើយវាត្រូវគេរំពឹងថានឹងឆ្លងផុតភាគកណ្តាលនៃប្រទេសទៅដល់សមុទ្រចិនខាងត្បូងនៅថ្ងៃអាទិត្យនេះ។ ក្នុងមួយឆ្នាំៗព្យុះជាមធ្យមចំនួន២០ តែងតែបោកបក់មកលើប្រទេសហ្វីលីពីន និងផ្តាច់ជីវិតមនុស្សរាប់រយនាក់៕