(បង់ក្លាដែស)៖ ការបោះឆ្នោតសកលនៅក្នុងប្រទេសបង់ក្លាដែស បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីជ្រើសសមាជិក សភារាប់រយនាក់ ខណៈមានរបាយការណ៍ថាមានមនុស្ស២នាក់បានស្លាប់ ដោយសារអំពើហិង្សាក្នុងថ្ងៃបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មនុស្ស២នាក់ បានស្លាប់នៅក្នុងអំពើហិង្សានៅឯស្រុកចំនួន២ គឺស្រុក Lakshmipur និងស្រុក Chattogram ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស។ ប៉ុន្តែភ្លាមៗ ប៉ូលិសមិនទាន់ទទួលស្គាល់របាយការណ៍នេះ នៅឡើយទេ រីឯអំពើហិង្សាក៏ត្រូវបានត្រូវរាយការណ៍ថាកើតឡើងផងដែរនៅតាមរដ្ឋមួយចំនួនទៀតនៃប្រទេស ជាទីដែលបេក្ខជន ១,៨៦១នាក់ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ។
គួរបញ្ជាក់ថា ប្រជាជនបង់ក្លាដែស១០៤លាននាក់ បានចុះឈ្មោះបោះឆ្នោត ហើយការិយាល័យបោះឆ្នោតជាង៤០,០០០ កន្លែង
បានបើកទ្វារនៅម៉ោង ៨៖០០នាទីព្រឹកមិញនេះ រហូតដល់មោង៤រសៀល៕