(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃសៅរ៍ ដោយបង្ហាញពីចេតនារៀងៗខ្លួនក្នុងការជម្រុញឱ្យមានការអនុវត្តតាមកិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងនៅអំឡុងកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសអាហ្សង់ទីន កាលពីចុងខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨។
យោងតាម CGTN នៅក្នុងកិច្ចសន្ទនានោះ លោកត្រាំ បានឆ្លៀតជូនពរលោកស៊ី និងប្រជាជនចិននាឱកាសចូលឆ្នាំថ្មី ហើយលោក ក៏បានអះអាងដែរថាកិច្ចចរចាដោះស្រាយជម្លោះពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ កំពុងដំណើរការទៅមុខយ៉ាងរលូន ប្រកបដោយភាពវិជ្ជមាន ខណៈលោករំពឹងថាក្រុមការងារអាមេរិកនិងចិន នឹងអនុវត្តតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅអំឡុងកិច្ចប្រជុំ G20 ក្នុងប្រទេសអាហ្សង់ទីន។
ដោយឡែក ជាការឆ្លើយតប លោក ស៊ី បាននិយាយថា ចិនមានបំណងធ្វើការងារជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាទំនាក់ទំនង និងកិច្ចសម្របសម្រួលនានា សំដៅដោះស្រាយបញ្ហាធំៗរបស់ពិភពលោក និងនៅក្នុងតំបន់ ឈរលើគោលការណ៍ផ្ដល់ផលប្រយោជន៍ និងគោរពគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា នៅអំឡុងកិច្ចប្រជុំ G20 កាលពីចុងខែវិច្ឆិកា លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង បានយល់ព្រមផ្អាកការធ្វើ សង្រ្គាមដំឡើងពន្ធដាក់គ្នារយៈពេល៩០ថ្ងៃ រាប់ចាប់ពីថ្ងៃទី០១ ខែធ្នូមក។ ប៉ុន្តែ អ្នកជំនាញខ្លះនៅតែសង្ស័យដដែលថាប្រទេសទាំង ពីរអាចនឹងចាត់វិធានការដំឡើងដាក់គ្នាឡើងវិញ ខណៈចិនកំពុងងាកទៅទិញសណ្ដែងសៀងពីប្រេស៊ីល៕