(កូឡុំប៊ី)៖ រដ្ឋមន្ត្រីការបរទេសកូឡុំប៊ី លោក Carlos Holmes Trujillo បានឱ្យដឹងថាអាជ្ញាធរកូឡុំប៊ីកំពុងស៊ើបអង្កេតលើផែនការ សម្លាប់លោកប្រធានាធិបតី Ivan Duque ក្រោយពលរដ្ឋវេណេស៊ុយអេឡា៣នាក់ ប្រដាប់ដោយអាវុធធន់ធ្ងន់ត្រូវបានចាប់ខ្លួន នាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងដោយមិនបានបញ្ជាក់លម្អិត នៅលើវីដេអូមួយកាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) លោក Trujillo បាននិយាយដូច្នេះថា៖« ទីភ្នាក់ងារស៊ើបការសំងាត់កូឡុំប៊ី មានព័ត៌មានសំងាត់គួរឱ្យទុកចិត្តបានទាក់ទិននឹងផែនការសម្លាប់លោកប្រធានាធិបតី Duque ដែលទើបឡើងកាន់ដំណែងកាលពីខែសីហា កន្លងទៅ»។ លោក Trujillo បានបន្ថែមថាការសង្ស័យលើគម្រោងធ្វើឃាតនេះកាន់តែបង្ហាញសញ្ញាជាក់ច្បាស់ ក្រោយអាជ្ញាធរកូឡុំប៊ីចាប់ខ្លួនពលរដ្ឋវេណេស៊ុយអេឡា៣នាក់ ប្រដាប់ដោយអាវុធធន់ធ្ងន់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែធ្នូកន្លងទៅ អាជ្ញាធរកូឡុំប៊ីបានចាប់ខ្លួនពលរដ្ឋវេណេស៊ុយអេឡា២នាក់ នៅលើរថយន្ដក្រុងមួយគ្រឿងនៅឯទីក្រុង Valledupar ជាមួយកំាភ្លើង២ដើម រីឯអ្នកទី៣ត្រូវបានចាប់ខ្លួនប៉ុន្មានថ្ងៃក្រោយមកទៀត។ ប៉ុន្តែអ្វីដែល គួរឱ្យកត់សម្គាល់ ទីក្រុងការ៉ាកាស់ ក៏ធ្លាប់បានចោទប្រកាន់ម្ដងហើយម្ដងទៀតផងដែរថារដ្ឋាភិបាលកូឡុំប៊ី គឺជាអ្នកនៅពីក្រោយការ ប៉ុនប៉ងធ្វើឃាតដោយការវាយប្រហារយន្ដហោះដ្រូនបំពាក់គ្រឿងផ្ទុះ ប្រឆាំងនឹងប្រធាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីខែសីហា កន្លងទៅ៕