(ម៉ូស្គូ)៖ រុស្ស៊ី និងតួកគី បានព្រមព្រៀងគ្នាថានឹងចូលរួមសម្របសម្រួលក្នុងការធ្វើប្រតិបត្តិការយោធានៅក្នុងប្រទេសស៊ីរី ស្របពេលសហរដ្ឋអាមេរិកកំពុងត្រៀមដកកងទ័ពជាង ២,០០០នាក់ ចេញពីប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះដែលកំពុងញំញីដោយសារសង្រ្គាមអស់រយៈពេលជាង៧ឆ្នាំមកនេះ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ធ្វើការកត់សម្គាល់បែបនេះ ក្រោយពិភាក្សាជាមួយសមភាគីតួកគី លោក Mevlut Cavusoglu ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃសៅរ៍។ ថ្លែងនាឱកាសនោះ លោក Lavrov បានលើកឡើងដូច្នេះថា៖«រុស្ស៊ី និងតួកគី បាន យកចិត្តទុកដាក់ជាពិសេសចំពោះបរិបទថ្មីមួយដែលកំពុងកើតឡើង និងជាប់ពាក់ព័ន្ធនឹងការប្រកាសដកកងទ័ពចេញពីស៊ីរីរបស់ សហរដ្ឋអាមេរិក...ដូច្នេះយើងបានឈានដល់កិច្ចព្រមព្រៀងមួយក្នុងការធ្វើកិច្ចសម្របសម្រួលរួមគ្នា ថាតើគួរតែធ្វើប្រតិបត្តិការយោធាយ៉ាងដូចម្ដេច ដើម្បីកម្ចាត់ពួកភេរវករនៅក្នុងប្រទេសស៊ីរី»។
គួរបញ្ជាក់ថា បើតាមលោក Mevlut Cavusoglu ក្រៅតែពីប្រតិបត្តិការយោធា រុស្ស៊ី និងតួកគីក៏បានឯកភាពគ្នាផងដែរថានឹង ពិភាក្សាពីផែនការជួយដល់ការធ្វើមាតុភូមិវត្តន៍របស់ជនភៀសខ្លួនស៊ីរី៕