(ម៉ូស្គូ)៖ កងទ័ពអវកាសរុស្ស៊ី នឹងទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចំងាយមធ្យម S-350 Vityaz នៅឆ្នាំ២០១៩ ខាងមុខនេះ ហើយការប្រកាសនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធារុស្ស៊ីបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីល នុយក្លេអ៊ែរអន្តរទ្វីបលឿនជាងសំឡេង២៧ដង។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដូច្នេះថា៖ «នៅឆ្នាំ២០១៩ខាងមុខ កងទ័ពអវកាសរុស្ស៊ីនឹងទទួលបានមីស៊ីលជំនាន់ថ្មី S-350 Vityaz ជាលើកដំបូងបំផុតមិនធ្លាប់មាន»។ លើសពីនេះទៅទៀត បើតាមក្រសួងការពារជាតិរុស្ស៊ី កងទ័ពអវកាសក៏នឹងត្រូវបានបំពាក់ផងដែរនូវប្រព័ន្ធមីស៊ីល Pantsir-S និងមីស៊ីល S-400។
គួរជម្រាបថា កាលពីដើមឆ្នាំ២០១៨ កន្លងទៅ កងទ័ពរុស្ស៊ីឈរជើងនៅក្នុងទីក្រុង Khabarovsk, Leningrad, Kaliningrad, និងតំបន់គ្រីមៀ រួមទាំងតំបន់អាក់ទិច សុទ្ធតែទទួលបានប្រព័ន្ធមីស៊ីល Pantsir-S និង S-400៕