(ព្រុចសែល)៖ សហភាពអឺរ៉ុបគ្មានបំណងឃាត់អង់គ្លេសមិនឱ្យចាកចេញពីប្លុកមួយនេះនោះទេ ហើយចង់ចាប់ផ្ដើមកិច្ចចរចាពីអនាគតនៃទំនាក់ទំនងរវាងភាគីទាំង២ នៅក្រោយសភាអង់គ្លេសបោះឆ្នោតអនុម័តលើកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប (Brexit)។ នេះបើតាមប្រធានគណកម្មាការអឺរ៉ុប ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨។
ប្រធានគណកម្មាការអឺរ៉ុប លោក Jean-Claude Juncker លើកឡើងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ វែល អាំ សុនថាក (Welt am Sonntag) កាលពីថ្ងៃសៅរ៍។ ថ្លែងនាឱកាសនោះ លោក Juncker បានគូសបញ្ជាក់ដូច្នេះថា៖«ការប្រើប្រាស់គ្រប់មធ្យោបាយឃាត់អង់គ្លេសមិនឱ្យចាកចេញពីសហភាពអឺរ៉ុប មិនមែនជាបំណងរបស់យើងឡើយ... ហើយអ្វីដែលយើងចង់បាន នោះគឺភាពប្រាកដប្រជាលើអនាគតនៃទំនាក់ទំនងរបស់យើង ពីព្រោះយើងគោរពតាមលទ្ធផលបោះឆ្នោតប្រជាមតិរបស់អង់គ្លេស»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងស្ដីពី Brexit ត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលអង់គ្លេស និងសហភាពអឺរ៉ុបកាលពីខែវិច្ឆិកា កន្លងទៅ។ ប៉ុន្តែនៅត្រូវការបោះឆ្នោតអនុម័តពីសភាអង់គ្លេសជាមុនសិន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករាខាងមុខនេះ ហើយបើសភាយល់ព្រមអនុម័ត នោះអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបតាមការគ្រោងទុកនៅខែមីនា ឆ្នាំ២០១៩៕