(ម៉ានីល)៖ មនុស្ស០៤នាក់បានស្លាប់ក្នុងគ្រោះរអិលបាក់ដី និងជាងមួយម៉ឺននាក់ត្រូវជម្លៀសខ្លួនចេញពីលំនៅឋាន ក្រោយព្យុះមួយបានបោកបក់កាត់ប្រជុំកោះភាគកណ្តាលប្រទេសហ្វីលីពីននាថ្ងៃសៅរ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
អាជ្ញាធរហ្វីលីពីនបានឲ្យដឹងថា មនុស្ស០៣នាក់ក្នុងគ្រួសារមួយ ត្រូវបានកប់នៅក្រោមបំណាក់ដី ក្នុងទីក្រុង Legazpi ភាគអាគ្នេយ៍ពីរដ្ឋធានីម៉ានីល ខណៈស្រ្តីម្នាក់ទៀតត្រូវគ្រោះរអិលបាក់ដីសង្កត់លើ នៅក្រុង Bulan ដោយសារតែព្យុះបានបង្កឲ្យមានការធ្លាក់ភ្លៀងខ្លាំងជោគជាំ។ ទន្ទឹមនឹងនេះ មនុស្សជិត១២,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងពួកគេនៅតំបន់ Bicol។
គួរជម្រាបថា ព្យុះខាងលើមានឈ្មោះថា Usman មានកម្លាំងខ្យល់ជាអតិបរមា៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាត្រូវគេរំពឹងថានឹងឆ្លងផុតភាគកណ្តាលហ្វីលីពីនទៅដល់សមុទ្រចិនខាងត្បូងនៅថ្ងៃអាទិត្យស្អែក។ ទោះជាកម្លាំងខ្យល់វាមិនសូវជាខ្លាំងក៏ដោយ វាបាននាំមកនូវការធ្លាក់ភ្លៀងខ្លាំង ដែលបង្កជាគ្រោះរអិលបាក់ដីនិងទឹកជំនន់ នៅតាមតំបន់ដែលវាឆ្លងកាត់។ ក្នុងមួយឆ្នាំៗព្យុះជាមធ្យមចំនួន២០ តែងតែបោកបក់មកលើប្រទេសហ្វីលីពីន និងផ្តាច់ជីវិតមនុស្សរាប់រយនាក់៕