(គែរ)៖ កងកម្លាំងការពារសន្តិសុខអេហ្ស៊ីបបានផ្តាច់ជិវិត ជនសង្ស័យជាសមាជិកក្រុមសកម្មប្រយុទ្ធចំនួន៤០នាក់ នៅក្នុងតំបន់ Sinai ខាងជើង និងទីក្រុង Giza បន្ទាប់ពីមានករណីផ្ទុះគ្រាប់បែកបង្កៃត្រូវចំរថយន្តក្រុងដឹកភ្ញៀវទេសចរវៀតណាម នៅក្បែរតំបន់ប្រាសាទពីរ៉ាមីតហ្គីហ្សា ដែលបានបង្កឲ្យមនុស្ស០៤នាក់ស្លាប់និងរបួសជាច្រើននាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
បើតាមក្រសួងមហាផ្ទៃអេហ្ស៊ីប គឺពុំមានការបញ្ជាក់ច្បាស់ថា ជនសង្ស័យជាក្រុមសកម្មប្រយុទ្ធខាងលើ មានជាប់ពាក់ព័ន្ធជាមួយករណីវាយប្រហារនៅក្បែរតំបន់ប្រាសាទពីរ៉ាមីត ក្នុងក្រុង Giza កាលពីថ្ងៃសុក្រដែរឬក៏អត់ឡើយ គ្រាន់តែបានឲ្យដឹងថា កងសន្តិសុខរបស់ខ្លួនបានកម្ចាត់ជនសង្ស័យ៣០នាក់ ក្នុងទីតាំងលាក់ខ្លួនរបស់ពួកគេនៅទីក្រុង Giza ព្រមទាំង១០នាក់ទៀតនៅតំបន់ Sinai ខាងជើង។
គួរជម្រាបថា ប្រតិបត្តិការខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកទេសចរវៀតណាម០៣នាក់ និងអ្នកនាំភ្ញៀវដើរកម្សាន្តជាជនជាតិអេហ្ស៊ីបម្នាក់បានបាត់បង់អាយុជីវិត និងយ៉ាងតិច១០នាក់ទៀតបានរងរបួស នៅពេលគ្រាប់បែកបង្កៃតាមផ្លូវមួយគ្រាប់ បានផ្ទុះត្រូវរថយន្តក្រុងរបស់ពួកគេ នៅចម្ងាយជិត៤គីឡូម៉ែត្រពីតំបន់ប្រាសាទពីរ៉ាមីតហ្គីហ្សាដ៏ល្បីល្បាញលើពិភពលោកនៃប្រទេសអេហ្ស៊ីប។ ទន្ទឹមនឹងនេះ ក៏ពុំទាន់មានក្រុមណាមួយចេញមុខអះអាងថា ករណីវាយប្រហារខាងលើជាទង្វើរបស់ខ្លួនដែរ៕