(ហ្សាការតា)៖ គ្រោះធម្មជាតិរញ្ជួយដីដ៏កក្រើកនៅភាគខាងត្បូងហ្វីលីពីន ដែលមានកម្រិតរហូតដល់ ៧.២រ៉ិចទ័រនោះ បានញាប់ញ័រដល់ដែនដីកោះសេឡេបេះ (Celebes) ភាគខាងកើតឥណ្ឌូណេស៊ី តែវាមិនបានបង្កជារលកយក្សស៊ូណាមិនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.២រ៉ិចទ័រ បានកើតមានឡើងនៅក្រោមផ្ទៃសមុទ្រជម្រៅ ៤៩គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃតំបន់ប្រជុំកោះ មីនដាណាវ (Mindanao) ភាគខាងត្បូងប្រទេសហ្វីលីពីន។ កាលពីដំបូងៗមានការសន្និដ្ឋានថា បើតាមកម្រិតរំញ័ររបស់វានោះ តំបន់ឆ្នេរនៃប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ដែលនៅចម្ងាយ ៣០០គីឡូម៉ែត្រ ពីតំបន់រញ្ជួយផែនដីខាងលើ អាចរងការគំរាមកំហែងពីរលកយក្សស៊ូណាមិក្នុងកម្រិតតិចតួច ប៉ុន្តែពេលនេះគឺគ្មានអ្វីកើតឡើងនោះឡើយ ខណៈដែលជនរងគ្រោះ ឬការខូចខាតទ្រព្យសម្បត្តិនានា ក៏ពុំបានកើតមាននោះដែរ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះ បានកើតមានឡើងមួយសប្តាហ៍បន្ទាប់កើតមានករណីផ្ទុះភ្នំភ្លើងឥណ្ឌូណេស៊ីមួយឈ្មោះ អាណាក់ ក្រាកាតាវ (Anak Krakatau) ស្ថិតនៅចន្លោះកោះជ្វា និងស៊ូម៉ាត្រា បានបង្កជារលកស៊ូណាមិផ្តាច់ជីវិតមនុស្ស ៤២៩នាក់, របួស ១,៤០០នាក់ និងបាត់ខ្លួនជាង ១៥០នាក់៕