(ប៉េកាំង)៖ ក្រុមជនជួញដូរកុមារចំនួន ០២នាក់ ត្រូវបានកាត់ទោសប្រហារជីវិតនៅក្រុង ក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Quangdong) ភាគខាងត្បូងប្រទេសចិន ពីបទជួញដូរកុមារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
បើតាមតុលាការនៃទីក្រុង Guangzhou ជនខាងលើមានឈ្មោះ ចាង វៃភីង (Zhang Weiping) និង ចូវ រ៉ុងភីង (Zhou Rongping) ហើយទ្រព្យសម្បត្តិទាំងឡាយ ដែលពួកគេរកបានដោយខុសច្បាប់ ពីអំពើគួរឲ្យស្អប់ខ្ពើមនៃការជួញកុមារត្រូវបានរឹបអូសយកទាំងអស់។ ក្រៅពីនេះបុគ្គល ០២នាក់ទៀតឈ្មោះ យ៉ាង ចាវភីង (Yang Chaoping) និង លីវ ចេងហុង (Liu Zhenghong) ត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត ខណៈម្នាក់ទៀតឈ្មោះ ជិន សួពី (Chen Shoubi) ត្រូវជាប់ពន្ធនាគារ ១០ឆ្នាំ និងបង់ប្រាក់ពិន័យ ៤៤០ដុល្លារ។
គួរជម្រាបថា បក្សពួកខាងលើនេះ មានជាប់ពាក់ព័ន្ធក្នុងការចាប់ពង្រត់ និងជួញដូរកុមារចំនួន ០៩ករណី កាលពីចន្លោះឆ្នាំ២០០៣ និងឆ្នាំ២០០៥ ហើយរហូតមកទល់ពេលនេះ កុមារទាំងនោះនៅតែមិនទាន់ត្រូវគេដឹងថា ស្ថិតនៅទីណាឡើយ៕