(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានលើកឡើងនាថ្ងៃសុក្រសប្តាហ៍នេះថា លោកមានមោទនភាពជាខ្លាំងចំពោះវឌ្ឍនភាព ដែលក្រុមហ៊ុនបណ្តាញសង្គមរបស់លោក សម្រេចបានក្នុងឆ្នាំ២០១៨នេះ ទោះវាជាឆ្នាំដែល Facebook បានជួបប្រទះរឿងអាស្រូវ និងរងការរិះគន់យ៉ាងសម្បើមក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
ទោះជាបែបនេះក្តី លោក Zuckerberg បានទទួលស្គាល់ថា មួយឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនរបស់លោក បានឆ្លងកាត់រឿងហេតុ និងបញ្ហាប្រឈមជាច្រើន ដែលបានធ្វើឲ្យបណ្តាញទំនាក់ទំនងសង្គមធំបំផុតលើពិភពលោកនេះ ធ្លាក់ក្រោមការរិះគន់ធ្ងន់ៗពីអ្នកតាក់តែងច្បាប់ និងនិយតករអាមេរិក ក៏ដូចជាមហាជនទាំងមូល ដែលជាអ្នកប្រើប្រាស់ Facebook។
គួរជម្រាបថា បញ្ហាទាំងអស់នោះរួមមានរឿងអាស្រូវដែលថា រុស្ស៊ីបានចូលលូកលាន់កិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ រឿងអាស្រូវទាក់ទងនឹងក្រុមហ៊ុនប្រឹក្សានយោបាយ Cambridge Analytic ដែលរងការចោទប្រកាន់ថា បានប្រមែប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook ប្រមាណ ៨៧លាននាក់ដោយគ្មានការអនុញ្ញាត និងករណីក្រុមចោរព័ត៌មានវិទ្យា (Hacker) បានបញ្ចេញអ៊ីម៉ែល លេខទូរស័ព្ទ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកប្រើប្រាស់ប្រហែលជាង៣០លាននាក់។
ទន្ទឹមនឹងនេះ លោក Mark Zuckerberg បានបញ្ជាក់ថា បច្ចុប្បន្ន Facebook បានងាកទៅផ្តោតសំខាន់លើការការពារ រាល់សេវាកម្មទាំងអស់របស់ខ្លួន។ បើតាមលោក Zuckerberg ដើម្បីធានឲ្យបាននូវសុវត្ថិភាពនៃគ្រប់សេវាកម្មរបស់ Facebook ក្រុមហ៊ុនរបស់លោកបានដាក់ពង្រាយបុគ្គលិកចំនួន ៣០,០០០នាក់ ដើម្បីធ្វើការងារជុំវិញរឿងនេះ និងបានវិនិយោគរាប់ពាន់លានដុល្លារ ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជារៀងរាល់ឆ្នាំ៕