(វ៉ាស៊ីនតោន)៖ នៅថ្ងៃឆ្លងឆ្នាំថ្មីឆាប់ៗខាងមុខនេះ យានអវកាស New Horizon របស់អង្គការ NASA នឹងទៅដល់គោលដៅថ្មីរបស់វា ដែលស្ថិតនៅចុងប្រព័ន្ធព្រះអាទិត្យហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
គិតមកទល់ពេលនេះ យាន New Horizon បានធ្វើដំណើរក្នុងទីអវកាសអស់រយៈពេល ១៣ឆ្នាំហើយ។ វាត្រូវគេស្គាល់ច្រើនដោយសារតែវាបានក្លាយជាវត្ថុបង្កើតដោយមនុស្ស ដែលបានទៅដល់ភពភ្លុយតូដំបូងគេ កាលពីឆ្នាំ២០១៥។ ប៉ុន្តែនាដើមឆ្នាំថ្មីនេះ New Horizon នឹងត្រូវជួបជាមួយវត្ថុអវកាសមួយផ្សេងទៀត ជាអាចម៍ផ្កាយធំឈ្មោះថា Ultima Thule ដែលស្ថិតនៅចម្ងាយ ១.៦ពាន់លានគីឡូម៉ែត្រហួសពីភ្លុយតូទៅទៀត។
អាចម៍ផ្កាយ Ultima Thule មានទំហំប្រហាក់ប្រហែលនឹងទីក្រុងញូយ៉ករបស់សហរដ្ឋអាមេរិក ហើយវាគោចរនៅតំបន់ខ្សែក្រវាត់ខៃភើ (Kuiper Belt) ដែលនៅចុងប្រព័ន្ធអាទិត្យ។ តំបន់នេះសម្បូរទៅដោយអាចម៍ផ្កាយទឹកកកតូចៗ ដែលត្រូវបានអ្នកវិទ្យាសាស្រ្តជឿថា ជាវត្ថុដែលបន្សល់ទុកពីការកកើត នៃប្រព័ន្ធព្រះអាទិត្យកាលពី ៤.៥ពាន់លានឆ្នាំមុន។
គួរជម្រាបថា ជោគជ័យនៃបេសកកម្មខាងលើ នឹងត្រូវបានដឹងច្បាស់ទាល់តែនៅរយៈពេលប្រមាណជា ១០ម៉ោង ក្រោយពេលយានអវកាស New Horizon ចាប់ផ្តើមបាញ់បញ្ជូនសញ្ញាមកកាន់ផែនដី នៅពេលវាទៅដល់ទីនោះ ហើយរូបភាពដំបូងនៃអាចម៍ផ្កាយ Ultima Thule ទម្រាំអាចនឹងបង្ហាញខ្លួនអាចនឹងត្រូវរង់ចាំរហូតដល់ ២០ខែ ដោយសារតែថាមពលធ្វើប្រតិបត្តិការដ៏ខ្សោយរបស់យានអវកាសនេះ៕