(វ៉ាស៊ីនតោន)៖ ការជាប់គាំងរដ្ឋាភិបាលអាមេរិក កំពុងបង្កបញ្ហាកកស្ទះសំរាមធ្ងន់ធ្ងរ នៅតាមឧទ្យានជាតិសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
ខណៈរដ្ឋាភិបាលសហព័ន្ធរបស់អាមេរិកកំពុងបន្តជាប់គាំង បណ្តារដ្ឋដូចជា យូតាហ៍ (Utah), កាលីហ្វរញ៉ា (California), អារីហ្សូណា (Arizona), និង ញូយ៉ក (New York) ត្រូវបង្ខំចិត្តចេញថ្លៃចំណាយដោយខ្លួនឯង ដើម្បីរក្សាឲ្យនៅមានសេវាចាំបាច់ផ្សេងៗ ដូចជាការប្រមូលសំរាម និងសម្អាតបន្ទប់ទឹកនៅតាមឧទ្យានជាតិ។
គួរជម្រាបថា វិស័យទេសចរណ៍នៅរដ្ឋធានីវ៉ាស៊ីនតោន ក៏ទំនងជានឹងត្រូវជួបបញ្ហាផងដែរ ប្រសិនបើការជាប់គាំងនេះត្រូវអូសបន្លាយហួសថ្ងៃចូលឆ្នាំសកល ដោយពេលនោះរាល់មន្ទីរពេទ្យ មជ្ឈមណ្ឌលស្រាវជ្រាវ និងសួនសត្វទាំងអស់ នឹងត្រូវបិទទ្វារនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។
ទោះបីជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញការមិនពេញចិត្ត ចំពោះការជាប់គាំងរដ្ឋាភិបាលនាពេលបច្ចុប្បន្នក៏ដោយ លោកនៅតែប្រកាន់ជំហរយ៉ាងរឹងមាំថា នឹងពុំចុះហត្ថលេខាលើសេចក្តីព្រាងថវិកា ដែលមិនរួមបញ្ចូលលុយចំនួន ០៥ពាន់លានដុល្លារ សម្រាប់ការសាងសង់ជញ្ជាំងព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដែលផែនការរបស់លោកជាដាច់ខាត៕