(ប៉េកាំង)៖ តុលាការចិនបានចាប់ផ្តើមសវនាការរបស់ខ្លួនហើយនៅថ្ងៃសៅរ៍នេះ ទៅលើសំណុំរឿងពួករលួយ ដែលត្រូវបានចោទប្រកាន់ទៅលើអតីតអភិបាលរងខេត្ត គួយចូវ (Guizhou) លោក ភូ ប៉ូ (Pu Bo)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
តុលាការនៃទីក្រុងណានជីង (Nanjing) នៃខេត្តជាំស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិនជាអ្នកទទួលរ៉ាប់រងគ្រឿងក្តីខាងលើនេះ ខណៈលោក Pu Bo ត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់តួនាទីរបស់លោក ទៅក្រសោបយកផលប្រយោជន៍ជាច្រើនពីអ្នកដទៃ ក្នុងនោះមានទាំងការទទួលយកប្រាក់សំណូក និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់។
គួរបញ្ជាក់ថា ការបង្ក្រាបអំពើពុករលួយនៅក្នុងសង្គមចិន កាន់តែមានភាពសកម្មខ្លាំងឡើងៗនៅក្នុងអាណត្តិដឹកនាំរបស់លោកប្រធានាធិបតីចិន ស៊ីន ជិនពីង ដែលបានប្តេជ្ញាកម្ចាត់អំពើពុករលួយនៅគ្រប់លំដាប់ថ្នាក់។ តួយ៉ាងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អតីតអនុរដ្ឋមន្ត្រីសន្តិសុខរដ្ឋចិនលោក ម៉ា ចៀន (Ma Jian) ត្រូវបានតុលាការចិនផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្រោយពីរូបលោកត្រូវបានគេរកឃើញថា បានទទួលប្រាក់សូកប៉ាន់ និងប្រើប្រាស់អំណាចក្នុងផ្លូវខុស ដូចជាការបង្ខំឲ្យមានការផ្លាស់ប្តូរក្នុងវិស័យពាណិជ្ជកម្មជាដើម៕