(វ៉ាស៊ីនតោន)៖ ជនជាតិកាណាដាម្នាក់ឈ្មោះ សារ៉ា ម៉ាកឡេវើ (Sarah Mclver) ត្រូវបានអាជ្ញាធរចិនធ្វើការដោះលែងហើយ បន្ទាប់ពីរូបនាងត្រូវបានចាប់ខ្លួន ក្រោយពីរកឃើញថា បានស្នាក់នៅ និងធ្វើការខុសច្បាប់នៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
ការដោះលែងខាងលើនេះ ត្រូវបានប្រកាសដោយក្រសួងការបរទេសកាណាដា នៅព្រឹកថ្ងៃសៅរ៍នេះ (ពេលវេលានៅអាស៊ីខាងកើត) ដោយនាង Sarah Mclver ត្រូវបានគេដឹងថា ជាគ្រូបង្រៀនម្នាក់មកពីខេត្តអាល់ប៊ឺតា (Alberta) ប្រទេសកាណាដា។ ក្រសួងការបរទេសកាណាដា មិនបានបញ្ជាក់ព័ត៌មានលម្អិតនៃការដោះលែងនោះទេ ដោយយោងលើហេតុផលព័ត៌មានឯកជន (privacy reasons)។
គួរបញ្ជាក់ថា ការចាប់ខ្លួន និងដោះលែងស្ត្រីជនជាតិកាណាដាខាងលើនេះ ត្រូវបានគេមើលឃើញថា ពុំមានជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនជនជាតិកាណាដាពីររូបផ្សេងទៀត គឺលោក ម៉ៃឃើល កូវរីក (Michael Kovrig) និងលោក ម៉ៃឃើល ស្ប៉ាវ័រ (Michael Spavor) នោះឡើយ ខណៈអ្នកទាំងពីរនេះត្រូវបានអាជ្ញាធរចិនចោទប្រកាន់ថា បានបង្កអសន្តិសុខដល់ប្រទេសចិន និងកំពុងជាប់ឃុំនៅឡើយ។
ប្រទេសចិន និងកាណាដា នៅតែស្ថិតក្នុងភាពតានតឹងរវាងគ្នានៅឡើយ ខណៈដែលនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទូរគមនាគមន៍យក្សចិនមួយ ត្រូវបានអាជ្ញាធរកាណាដាចាប់ខ្លួន និងក្រោយមកក៏ដោះលែងវិញ ប៉ុន្តែស្ថិតនៅតែក្នុងការរារាំងមិនឲ្យចាកចេញពីទឹកដីកាណាដានោះឡើយ ខណៈដែលប្រទេសកំពុងអនុវត្តន៍ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ទៅលើក្រុមហ៊ុនបរទេសណា ដែលលួចរកស៊ីជាមួយអ៊ីរ៉ង់៕