(ហ្សាការតា)៖ ភ្នំភ្លើង អាណាក់ ក្រាកាតាវ (Anak Krakatau) ត្រូវអ្នកវិទ្យាសាស្រ្តពិនិត្យឃើញថា បានបាត់បង់តួខ្លួនដល់ទៅជាងពីរភាគបីកាលពីសប្តាហ៍មុន ដែលមូលហេតុនេះហើយ ទើបបានបណ្តាលឲ្យមានរលកយក្សស៊ូណាមិ នៅច្រកសមុទ្រស៊ុនដា ប្រទេសឥណ្ឌូណេស៊ី ក្រោយពេលដែលវាផ្ទុះឡើងយ៉ាងកក្រើក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
តាមរយៈការវិភាគមើលទៅលើរូបភាពផ្កាយរណបនៃភ្នំភ្លើង Anak Krakatau ដើម្បីគណនាពីបរិមាណនៃដុំថ្ម និងកម្អែរផេះ ដែលធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រ អ្នកស្រាវជ្រាវបានរកឃើញថា ភ្នំភ្លើងនេះបានបាត់បរិមាណជាងពីរភាគបី នៃកម្ពស់និងទំហំរបស់វា កាលពីសប្តាហ៍កន្លងទៅដោយសារបន្ទុះភ្នំភ្លើង ហើយចំនួនដែលបាត់បង់នេះ ទំនងជាបានរអិលធ្លាក់ចូលក្នុងទឹកក្នុងពេលតែមួយ ហើយបង្កឲ្យមានជារលកយក្ស ដែលបានវាយប្រហារទៅលើតំបន់ឆ្នេរកោះជ្វា និងស៊ូម៉ាត្រាកាលពីថ្ងៃសៅរ៍មុន។
គួរជម្រាបថា ភ្នំភ្លើង Anak Krakatau ដែលធ្លាប់តែមានកម្ពស់ ៣៤០ម៉ែត្រ ឥឡូវនៅត្រឹម ១១០ម៉ែត្រប៉ុណ្ណោះ។ បើនិយាយពីមាឌវិញ សារធាតុថ្ម និងផេះប្រមាណពី ១៥០-១៧០លានម៉ែត្រគូបត្រូវបានបាត់បង់ ដោយបន្សល់ទុកត្រឹមតែពី ៤០-៧០លានម៉ែត្រគូបប៉ុណ្ណោះ។ ចំណែករលកស៊ូណាមិដែលបង្កឡើងដោយសារបន្ទុះភ្នំភ្លើងនេះ បានផ្តាច់ជីវិតមនុស្ស ៤២៩នាក់, របួស ១,៤០០នាក់ និងបាត់ខ្លួនជាង ១៥០នាក់៕