(គែរ)៖ ភ្ញៀវទេសចរជាជនជាតិវៀតណាម ០៣នាក់ និងអ្នកនាំភ្ញៀវដើរកម្សាន្តជាជនជាតិអេហ្ស៊ីបម្នាក់ បានបាត់បង់ជីវិតនាថ្ងៃសុក្រសប្តាហ៍នេះ នៅពេលគ្រាប់បែកបង្កៃបានផ្ទុះត្រូវចំរថយន្តក្រុងរបស់ពួកគេ ខណៈដែលកំពុងធ្វើដំណើរនៅក្បែរនឹងតំបន់ប្រាសាទពីរ៉ាមីត នៃសង្កាត់ហ្គីហ្សា (Giza) នៅជាយក្រុងគែរនៃប្រទេសអេហ្ស៊ីប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ពីអាជ្ញាធរអេហ្ស៊ីប អ្នកទេសចរមកពីប្រទេសវៀតណាមចំនួន ១១នាក់ទៀត និងអ្នកបើករថយន្តក្រុងដែលជាជនជាតិអេហ្ស៊ីប ក៏បានទទួលរងរបួសផងដែរ នៅពេលគ្រាប់បែកច្នៃខាងលើបានផ្ទុះឡើង ខណៈរថយន្តក្រុងនោះមានផ្ទុកមនុស្សទាំងអស់ ១៦នាក់ ក្នុងនោះមានភ្ញៀវទេសចរវៀតណាម ១៤នាក់ អ្នកបើករថយន្តក្រុងម្នាក់ និងអ្នកនាំភ្ញៀវដើរកម្សាន្តម្នាក់ ដែលទាំងពីរនាក់គឺជាជនជាតិអេហ្ស៊ីប។
គួរជម្រាបថា គ្រឿងផ្ទុះខាងលើត្រូវបង្កៃជាប់ជញ្ជាំងមួយ នៅតាមបណ្តោយផ្លូវ ម៉ារីយូទីយ៉ា (Mariyutiya) ក្នុងសង្កាត់ អាល់ហារ៉ាម (Al-Haram) ក្បែរតំបន់ប្រាសាទពីរ៉ាមីតហ្គីហ្សា។ ភ្លាមៗនោះកងកម្លាំងសន្តិសុខអេហ្ស៊ីបត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ និងបិទតំបន់នោះសម្រាប់ការស៊ើបអង្កេត៕